ខេត្តកំពង់ធំ៖ ក្មេងពាល២នាក់ឃើញអ្នកមកពីស៊ីការ ទាញដាវមកស្ទាក់ផ្លូវ កាប់ប្រហារទៅលើជនរងគ្រោះ បង្កភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ ជនរងគ្រោះបាននាំគ្នាទៅចូលរួមកម្មវិធីមង្គការមិត្តភក្ដិ នៅក្នុងភូមិភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។ បន្ទាប់ពីផឹកស៊ីនៅក្នុងពិធីការនោះហើយ ពួកគេបាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះ នៅក្នុងភូមិកំពង់ចិនវិញ ស្រាប់តែជនសង្ស័យចំនួនពីរនាក់បានចេញមកស្ទាក់ផ្លូវ ហើយកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួស។

ជនរងគ្រោះដែលត្រូវជនបង្កកាប់ឲ្យរងរបួស

លោកវរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ជនបង្ក ទី១-ឈ្មោះ ណាន ម៉ាណែត ហៅ ណែត ភេទប្រុស អាយុ១៦ឆ្នាំ(ដៃដល់) ឃាត់ខ្លួននៅអធិការដ្ឋាន និងទី២-ឈ្មោះ សឿង​ ពិសី ភេទ​ ប្រុស អាយុ១៤ឆ្នាំ (រត់គេចខ្លួន)។ ពួកគេទាំង២នាក់មានលំនៅក្នុងភូមិ-ឃុំកើតហេតុ។ រីឯជនរងគ្រោះ ទី១-ឈ្មោះ ប៊ន សេងលី ភេទប្រុស អាយុ២៦ឆ្នាំ របួសកំភួនដៃស្ដាំ១កន្លែង ប្រវែង៥ សង់ទីម៉ែត្រ និងរបួស​ម្រាមដៃឆ្វេងចំនួន២ (មេដៃ​ និង​ចង្អុលដៃ) ទី២-ឈ្មោះ ជឿន ប៊ុនថន ភេទ​ប្រុស អាយុ២៥ ឆ្នាំ របួសស្នាម​ឆូតលើថ្ងាស់១កន្លែង និងស្នាមឆូតលើកែងដៃស្ដាំ១កន្លែង ទី៣-ឈ្មោះ ណន ណាក់ ភេទ​ប្រុស អាយុ១៩ឆ្នាំ របួសក្បាលខាងស្ដាំ១កន្លែងប្រវែង៥សង់ទីម៉ែត្រ និងទី៤-ឈ្មោះ វ៉ាន វត​ ភេទប្រុស អាយុ៣០ឆ្នាំ​ របួសមេដៃឆ្វេង១កន្លែង។ ជនរងគ្រោះទាំង៤នាក់មានលំនៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង​ ខេត្តកំពង់ធំ។

ជនរងគ្រោះដែលត្រូវជនបង្កកាប់ឲ្យរងរបួស

ក្រោយពេលទទួលព័ត៌មានពីករណីបង្កនូវអំពើហិង្សានោះភ្លាម សមត្ថកិច្ចបានចេញទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់៕