ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅក្នុងទីក្រុង Taizhou ខេត្ត Jiangsu ដោយនៅក្នុងហាងមួយ កំពុងតែបើកលក់សុខៗ ស្រាប់តែរ៉ឺម៉កម៉ូតូ១គ្រឿង បើកបំបុកចូលមកក្នុងហាង បែកកញ្ចក់ខ្ទេចតែម្តង តែអ្វីដែលម្ចាស់ហាងនឹកឆ្ងល់នោះ គឺម៉ូតូអត់ឃើញមនុស្សបើកសោះ ស្រាប់តែឃើញឆ្កែ១ក្បាល ជាអ្នកមួលហ្គែរ ជំនួសមនុស្សទៅវិញ ។

យោងតាមវីដេអូឃ្លីប ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងនោះផ្ទាល់ បានបង្ហាញថា រ៉ឺម៉កម៉ូតូដែលបង្កហេតុនោះ បានបើកទំលុះកញ្ចក់នៅខាងមុខហាង ហើយបុករះចូលក្នុងហាងបណ្តាលឲ្យ ខូចខាត និងបែកទូរកញ្ចក់ក្នុងហាងជាច្រើនទៀត។ បន្ទាប់ពីកើតហេតុភ្លាម នារីម្នាក់នៅក្នុងហាង បានក្រោកឈរឡើងទាំងរន្ធត់ និងភ្ញាក់ផ្អើល តែនាងបានរកមើលអ្នកបើក រ៉ឺម៉កម៉ូតូនោះអត់ឃើញសោះ ឃើញតែសត្វឆ្កែមួយក្បាល បានរត់ចុះពីលើរ៉ឺម៉កម៉ូតូ ជំនួសមនុស្សទៅវិញ ។

ក្រោយពីហេតុការណ៍បានកើតឡើង បុរសជាម្ចាស់រ៉ឺម៉កម៉ូតូ បានចូលខ្លួនមកដោះស្រាយ ហើយបកស្រាយរឿងរ៉ាវ ដែលកើតឡើងនោះថា មុនដំបូងគាត់បានចតរ៉ឺម៉កម៉ូតូ នៅខាងមុខហាងរងគ្រោះខាងលើ ដោយមិនបានពន្លត់ម៉ាស៊ីនឡើយ ហើយគាត់បានទុកឆ្កែចិញ្ចឹមរបស់គាត់ មួយក្បាលនៅលើរ៉ឺម៉កនោះ។ ដោយសារតែរ៉ឺម៉កម៉ូតូរបស់គាត់ មានហ្គែរជាន់និងជើង ស្រាប់តែសត្វឆ្កែរបស់គាត់ ជាន់ចំហ្គែរធ្វើឲ្យម៉ូតូហោះស្ទុយ ទៅបុកហាងខាងលើខ្ទេចកញ្ចក់តែម្តង ៕