បន្ទាប់ពីទទួលការគាំទ្រ និង​ជោគជ័យពីការចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត នៅព្រះរាជាណាចក្រ កម្ពុជារយៈពេល១៥ខែរួចមក ភាពយន្តវាយប្រហារខ្នាតធំ Jailbreak: ការពារឧក្រិដ្ឋជន ឬចំណង ជើងជាភាសាអង់គ្លេសថា Jailbreak បានចាក់បញ្ចាំងជាសាធារណៈ ទូទាំងសកលលោក ក្នុងកម្មវិធី Netflix កាលពីថ្ងៃទី ២ ខែឧសភានេះ​។

ទោះបីជាភាពយន្តរបស់ Netflix ដែលដឹកនាំសម្តែង ដោយ លោកស្រី Angelina Jolie “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតនៅក្នុងទឹកដី ព្រះរាជាណាចក្រកម្ពុជាក៏ដោយ ប៉ុន្តែភាពយន្តនេះមិនត្រូវបានចាត់ទុកថាជាភាពយន្ត ដែលផលិតដោយ ផលិតកម្មក្នុងស្រុកនេាះទេ។ ដូច្នេះ Jailbreak ក្លាយជាភាពយន្តខ្មែរដំបូងដែលចាក់បញ្ចាំងនៅលើ កម្មវិធី Netflix និងក្លាយជាព្រឹត្តិការណ៍ដ៏គួរអោយចងចាំក្នុងវិស័យភាពយន្តខ្មែរ។


អ្នកដឹកនាំភាពយន្តលោក Jimmy Henderson បាននិយាយថា៖ «វាជាក្តីស្រមៃមួយដែលក្លាយជាការពិត។ នេះជាជោគជ័យមួយនៅក្នុងអាជីពរបស់ខ្ញុំ ហើយក៏ជាការទទួលបានជោគជ័យដ៏ធំមួយសម្រាប់វិស័យភាពយន្ត នៅប្រទេសកម្ពុជាផងដែរ។ ខ្ញុំសូមអរគុណចំពោះទស្សនិកជនទាំងអស់ដែលបានគាំទ្រភាពយន្តនេះ ព្រោះវាជាផ្នែកមួយនៃជោគជ័យនេះ។»

ដឹកនាំភាពយន្តដោយលោក Jimmy Henderson និងផលិតដោយលោក តែ ឡូយ នៃផលិតកម្ម កងចក្រភីកឈ័រ Jailbreak បានទទួលការអញ្ជើញចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តចំនួន ២០ នៅក្នុងប្រទេស ចំនួន ១៥ ហើយទទួលបានពានរង្វាន់សរុបចំនួន ៦ រង្វាន់ ដែលក្នុងនោះមានដូចជា ភាពយន្តបែប វាយប្រហារដែលល្អជាងគេ (Best Action Film) ភាពយន្តដែលបានការច្នៃប្រឌិត (Most Innovative Film) និងរង្វាន់ពិសេសនៃសមិទ្ធផលឆ្នើមពីក្រុមគណ:កម្មការ។

នៅខែមេសា ឆ្នាំ២០១៧ ផលិតករ តែ ឡូយ ពីផលិតកម្ម កងចក្រភីកឈ័រ បានចូលរួមមហោស្រព ភាពយន្ត Cannes នាប្រទេសបារាំង ដើម្បីផ្សព្វផ្សាយភាពយន្តខ្នាតធំមួយនេះ និងចែកចាយសិទ្ធិ ចាក់ផ្សាយភាពយន្តទៅកាន់ប្រទេសដទៃជាច្រើន។ ស្របជាមួយនឹងភាពជោគជ័យ ក្នុងមហោស្រព ភាពយន្ត​នេះដែរ ផលិតកម្ម កងចក្រភីកឈ័រ បានសហការជាមួយក្រុមហ៊ុនចែកចាយ XYZ Films ដើម្បីចែកចាយភាពយន្ត Jailbreak នេះទៅកាន់ពិភពលោកបន្ថែមទៀត។

ផលិតករ តែ ឡូយ បានរំឭកថា៖ «ខ្ញុំបានទទួលទូរស័ព្ទពីភ្នាក់ងារផ្នែកលក់របស់ពួកយើង នៃក្រុមហ៊ុន XYZ Films នៅតាមផ្លូវពេលដែលខ្ញុំទៅជួបប្រជុំជាមួយដៃគូរផ្សេងទៀត។ ពួកគាត់ប្រាប់ខ្ញុំថា ក្រុមហ៊ុន Netflix ចាប់អារម្មណ៍នឹង Jailbreak។ ខ្ញុំមានការភ្ញាក់មែនទែន។ ខ្ញុំសឹងតែមិនជឿថា ពួកយើងអាចធ្វើការជាមួយគ្នាដូចនៅពេលនេះ។»



អ្វីដែលធ្វើឲ្យការផ្សព្វផ្សាយទៅកាន់ ឆាកអន្តរជាតិនេះ កាន់តែរឹងមាំ គឺក្បាច់គុណបុរាណល្បុក្កតោខ្មែរ ដែលបានក្លាយជាបទបង្ហាញដ៏ទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ តាមរយ:ភាពយន្ត Jailbreak: ការពារឧក្រិដ្ឋជន ដែលបានចាក់បញ្ចាំងនៅក្នុងកម្មវិធី Netflix។ លោក អ៊ួ តារា ដែលជាតួសម្តែងឯក ក្នុងភាពយន្ត Jailbreak ក៏ដូចជាគ្រូបង្វឹក​ និងអគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោកម្ពុជាបាន បង្ហាញសេចក្តីរីករាយ ទៅកាន់ភាពយន្តនេះថា៖​ 

«ខ្ញុំគិតថាJailbreak ដែលជាភាពយន្តបែប actionនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំ ដើម្បីធ្វើការផ្សព្វផ្សាយ គុនល្បុក្កតោ ដែលជាក្បាច់គុន បង្កើតឡើងដោយជនជាតិខ្មែរ តាំងពីបុរាណកាលមក ទៅដល់មនុស្សទាំងក្នុងប្រទេស និងអន្តរជាតិ ព្រោះថាការផ្សព្វផ្សាយ នូវគុនល្បុក្កតោ តាមរយៈឧស្សាហកម្មភាពយន្ត គឺមានប្រសិទ្ធភាពបំផុតសម្រាប់សម័យបច្ចុប្បន្ននេះ។

ដូចនេះ Jailbreak បានធ្វើរឿងល្អធំៗពីសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដោយទីមួយ Jailbreak បានបង្ហាញពីសក្កដានុពល នៃភាពយន្តខ្មែរទៅក្នុងឆាកអន្តរជាតិ ទីពី Jailbreak បាននាំយក គុនល្បុក្កតោ និងឈ្មោះកម្ពុជា ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។»

 ចំណែកឯកញ្ញា សំ ថារ័ត្នដែលជាកីឡាការិនី និងជាអ្នកប្រយុទ្ធលំដាប់ ខ្លាំងមួយរូប ដែលមានជំនាញ ទាំងកីឡាប្រដាល់សេរី ល្បុក្កតោ និងជាកំពូលអ្នកប្រយុទ្ធ ជំម្រុះវាយដាក់ទ្រូង (MMA) ហេីយក៏ជាតួសម្តែង ក្នុងភាពយន្តនេះបានរំលឹកឡើងថា៖​ «នៅពេលដែលខ្ញុំមានឱកាសបានធ្វេីដំណេីរជាមួយ ក្រុមការងាររបស់ពួកយើងទៅក្រៅប្រទេសជាច្រើន ដើម្បីចាក់បញ្ចាំងភាពយន្តមួយនេះ ហើយបាន បង្ហាញនូវក្បាច់គុនល្បុក្កតោទៀតផងនោះ វាដូចជាសុបិនក្លាយជាការពិតអញ្ចឹង។ ខ្ញុំមិនរំពឹងទុកថា វាបានក្លាយជាការពិតទេ។» 



កញ្ញាបន្តទៀតថា៖​ «នារីៗជាច្រើនមកនិយាយជាមួយខ្ញុំបន្ទាប់ពីការបញ្ចាំងភាពយន្តបានចប់ ហើយនិយាយថា ពួកគាត់ពេញចិត្តដែលខ្ញុំអាចសម្តែងក្បាច់គុណបានអស្ចារ្យនៅក្នុងភាពយន្ត Jailbreak នេះ ហើយអ្នកទាំងអស់គ្នានាំគ្នាអបអរហ៊េារកញ្ជ្រៀវថា “ស្រ្តីពិតជាធ្វេីបាន” វាពិតជា អស្ចារ្យមែនទែន!»

Jailbreak បញ្ចប់ការថតក្នុងរយៈពេល ៣៥​ ថ្ងៃ នាឆ្នាំ២០១៦ ជាមួយការប្រជុំអ្នកសម្តែងជាច្រើនពី ក្រុមកីឡាករ ល្បុកតោខ្មែរ តារាសម្តែង តារាកំប្លែង អ្នកចម្រៀងខ្មែរល្បីៗ ដូចជា កញ្ញា ឌី សុនីតា កញ្ញា ឌុច លីដា នាយពែកមី នាយគ្រឿន ក្មេងខ្មែរ និង កញ្ញា ម៉ម ឡូរ៉ា។ Jailbreak ក៏មានជា ហ្គេមក្នុងទូរស័ព្ទ ដែលបង្កើតចេញពីភាពយន្តផ្ទាល់។ ដោយការខំប្រឹងប្រែងផ្សព្វផ្សាយភាពយន្តនេះ ទៅតាមបែបផ្សព្វផ្សាយដែលភាពយន្តខ្មែរពុំធ្លាប់បានធ្វើពីមុនមក ផលិតកម្ម កងចក្រភីកឈ័រ ក៏បានទទួលរង្វាន់ពិសេស ពីក្រុមគណ:កម្មការនៅក្នុងមហោស្រពភាពយន្តកម្ពុជានាឆ្នាំ ២០១៧ សម្រាប់ការជួយផ្សព្វផ្សាយភាពយន្តក្នុងវិស័យខ្មែរ៕