ចែករំលែក

មានការស៊ែរតៗគ្នា ពីរឿងហេតុខ្មោចលងមួយ ដែលមន្ត្រីរាជការម្នាក់ នៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាព និងអនាម័យសាធារណៈ ដែលគាត់អះអាងថា គាត់បានត្រូវខ្មោចលង នៅលើព្រៃលិចទឹកមួយ ដោយពេលជិះទៅផ្ទះអ្នកភូមិ ឃើញសុទ្ធតែព្រៃលិចទឹក តែពេលជិះត្រលប់មកវិញ ឃើញភូមិខ្មោចទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះត្រូវបានគេនិទាន ឬជារឿងពិត យ៉ាងណានោះ គ្មាននរណាម្នាក់ហ៊ានអះអាងនៅឡើយទេ ដូច្នេះសូមស្តាប់នូវរឿងរ៉ាវ ដ៏គួរឲ្យព្រឺឆ្អឹងខ្នងនេះ ដូចតទៅ ៖

ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាព និងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្ម តាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅ មានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។

មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្ម នៅភូមិមួយដែលស្ថិតនៅ កណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោត ក៏មានជីវភាពក្រីក្រច្រើនផងដែរ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាប ដ៏ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះ គឺខែទឹកឡើងផង ។

ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុក មិនឃើញសោះ ឃើញតែព្រៃលិចទឹក និងចុងឈើដែលដុះផុតពីទឹកយ៉ាងទ្រុបទ្រុល ។ អ្នកបើកកាណូតប្រាប់ថា ទាល់តែផុតព្រៃលិចទឹកនេះ ទើបទៅដល់ភូមិ ព្រោះអ្នកស្រុកមិនសូវ រស់នៅក្បែរព្រៃលិចទឹកទេ វាអាចមានសត្វអសិរពិស ផ្សេងៗពួនសម្ងំក្នុងព្រៃនោះយ៉ាងច្រើន ណាមួយព្រៃលិចទឹកទាំងនេះ គេទុកសម្រាប់តម្កល់សពប៉ុណ្ណោះ។

ខ្ញុំភ្ញាក់ផ្អើលដែរ តែតៃកុងកាណូត បានប្រាប់បន្តថា អ្នករស់នៅលើទឹក គេធ្វើបែបនេះឯង ខែទឹកឡើងបែបនេះ អត់មានដីគោកទីទួល សម្រាប់បូជាសពទេ ដូច្នេះគេយកសព មកដាក់លើចុងឈើបណ្ដោះអាសន្នសិន ទម្រាំដល់ខែទឹកស្រក ទើបមកយកសាកសព ទៅបូជាតាមប្រពៃណី ។ ខ្ញុំក្រឡេកមើលដើមឈើធំៗ ដែលដុះផុតពីទឹក ក៏ឃើញលើចុងឈើទាំងនោះ មានក្ដារមឈូស កន្ទេល ឬ ភួយរុំខ្ចប់ជិត ដូចគេរុំអន្សមជ្រូក ដាក់តាមត្រគាបមែកឈើ ពាសពេញព្រៃតែម្តង ហើយមានក្ដារមឈូសខ្លះ ភួយខ្ចប់សាកសពខ្លះ ជ្រុះធ្លាក់ពីលើមែកឈើ អណ្ដែត វិលវល់ក្នុងទឹកក៏មាន។ ខ្ញុំឃើញហើយ រាងស្រៀវខ្លួនបន្តិចត្បិតថា ខ្លួនជាពេទ្យ ធ្លាប់ឆ្លងកាត់រៀនសូត្រ ជាមួយសាកសពមនុស្សដោយផ្ទាល់ក៏ដោយ តែដល់ឃើញសាកសព មនុស្សដាក់ទើរពេញលើមែកឈើបែបនេះ ក៏រាងស្រៀវៗដែរ។

ប្រហែលជាកន្លះម៉ោងក្រោយមក ទើបកាណូតបើកផុតព្រៃនោះ ពួកយើងក៏មកដល់ភូមិ ដែលនៅភូមិនោះ មានផ្ទះអ្នកភូមិដែលសង់ខ្ពស់ៗផុតទឹក ខ្លះទៀតគឺរស់នៅលើទូកតែម្ដង។ ពួកខ្ញុំមកដល់ភ្លាមក៏រួសរាន់ធ្វើការភ្លាម ដោយព្យាបាលអ្នកភូមិដែលគាត់ឈឺ ជាពិសេស គឺក្មេងៗដែលរាគរូស និង ចាស់ៗដែលគាត់កើតគ្រុនក្ដៅ ។ យើងធ្វើការពេញមួយថ្ងៃ រហូតដល់ល្ងាចវេលាម៉ោង៥ ទើបចប់ការងារ ត្រូវត្រឡប់មកទីរួមខេត្តវិញ។ លោកមេភូមិនៅទីនោះ ឃាត់យើងឲ្យនៅសម្រាក នៅទីនោះមួយយប់ទៅ ព្រោះអីពេលល្ងាចបែបនេះ ធ្វើដំណើរទៅ មិនជាស្រួលប៉ុន្មានទេ ជាពិសេសខែនេះ ទឹកជោរឡើងលឿនណាស់ ហើយមេឃងងឹតថែមទៀត បើមានការអី មុខជាពិបាកហើយ ។

តែពួកខ្ញុំមិនអាច ស្នាក់នៅទីនោះបានទេ ព្រោះអីយើង ត្រូវត្រឡប់មកភ្នំពេញទាំងយប់វិញ។ លោកមេភូមិធ្លាក់ទឹកមុខ ពេលពួកខ្ញុំប្រកែក តែគាត់ក៏មិនថាអីដែរ គាត់បានជូនពរឲ្យពួកខ្ញុំធ្វើដំណើរបានសុខសប្បាយ ចំណែកឯព្រះសង្ឃក្នុងភូមិវិញ បានយកដីខ្សាច់ និងផេះធូបក្នុងព្រះវិហារ ច្រកក្នុងស្បោងមួយឲ្យពួកខ្ញុំ ដោយមានថេរដីការថា “បើតាមផ្លូវធ្វើដំណើរ ញោមទាំងអស់គ្នា ជួបអាសន្នអី សូមតាំងចិត្តឲ្យស្ងប់ រំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយបាចដីខ្សាច់ និងផេះធូបនេះ ចូលក្នុងទឹកទន្លេទៅ នឹងលែងអីហើយ…” ។ ពួកខ្ញុំសំពះអរគុណព្រះសង្ឃ ហើយពួកយើងបានជម្រាបលា អ្នកភូមិទាំងអស់គ្នា ឡើងកាណូតចេញមកវិញ ។

ម៉ោងទើបតែ៦ល្ងាច តែដោយសារតែខែនេះ ជាខែវស្សា មេឃឡើងងងឹតស្លុប នៅលើផ្ទៃទឹកទន្លេទាំងមូល ហាក់ដូចជាមានតែ កាណូតយើងតែមួយប៉ុណ្ណោះ ដែលបើកជ្រែកស្បៃងងឹតនេះ ដោយប្រើពន្លឺចង្កៀងហ្វាមួយគូរ។ ពួកយើងធ្វើដំណើរ ដោយស្ងៀមស្ងាត់ ។ រំពេចនោះស្រាប់តែ មានខ្យល់ត្រជាក់ ធ្លាក់មករំភើយៗ ហើយផ្លេកបន្ទោរចាប់ផ្ដើម វាត់ឆ្វេចឆ្វាចពេញផ្ទៃមេឃ អមដោយសំឡេងផ្គរលាន់ គគ្រឹមៗផង ជាសញ្ញាបញ្ជាក់ថា មេឃនឹងភ្លៀងបន្តិចទៀតនេះហើយ ។ តៃកុងកាណូត បន្ថែមល្បឿនកាន់តែលឿន ហើយស្រែកប្រាប់ពួកយើង ឲ្យប្រុងប្រយ័ត្នព្រោះថា ភ្លៀងនៅកណ្ដាលទន្លេបែបនេះ អាចមានធ្លាក់ខ្យល់ខ្លាំង ឬ ក៍មានរលកដែលអាច បណ្ដាលឲ្យមានគ្រោះថ្នាក់បាន ។ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែភ្លៀង បានបង្អុរធ្លាក់ចុះមកយ៉ាងខ្លាំង អមដោយរន្ទះឆ្វេចឆ្វាចផង ។

តៃកុងកាណូតស្រែកបញ្ជា ឲ្យកូនដៃទូក (កម្មករទូក ឬ ជំនួយការតៃកុងកាណូត) ទម្លាក់គម្របកៅស៊ូចុះ ដើម្បីការពារកុំឲ្យភ្លៀងសាចចូល ។ ភ្លៀងនេះ ហៅថាមហាភ្លៀងមែន សូម្បីតែភ្លើងហ្វាកាណូត ក៏ជះពន្លឺសឹងមិនធ្លុះដំណក់ភ្លៀងផង។ ខ្ញុំប្រាប់តៃកុង ឲ្យបន្ថយល្បឿនសិនទៅ ព្រោះមើលមិនឃើញ ខ្លាចក្រែងបើកប៉ះពារដើមឈើ ។ តៃកុងក៏បន្ថយល្បឿនកាណូត បន្តិច ពេលនោះស្រាប់តែ ពួកយើងឃើញពន្លឺភ្លើង និងពន្លឺចង្កៀងភ្លឺចិញ្ចាចចិញ្ចែង នៅខាងមុខកាណូតយើង ចម្ងាយប្រហែល២០០ម៉ែត្រ ។ ពេលយើងទៅកាន់តែកៀក ទើបយើងមើលឃើញ ពន្លឺនោះ គឺពន្លឺភ្លើងចេញពីផ្ទះ របស់អ្នកភូមិលើទឹកទេតើ។ ពួកខ្ញុំរាងចម្លែកចិត្តបន្តិច ព្រោះអី មិនដែលឃើញភូមិលើទឹកឯណា មានផ្ទះធំៗ មានពន្លឺអគ្គិសនី និងចង្កៀងភ្លឺចិញ្ចាចបែបនេះទេ នេះបើមិនចាប់អារម្មណ៍ទេ ច្បាស់ជាគិតថា ភូមិអ្នកស្រុកលើដីគោកធម្មតាហើយ។ តែដោយសារពួកខ្ញុំ មិនដែលធ្វើដំណើរមកទីនេះ ទើបយើងគិតថា ភូមិនេះប្រហែលជាភូមិ លើទឹកដូចតែភូមិដែលយើង ចុះមកធ្វើការតែប៉ុណ្ណោះ ។

ខ្ញុំឃើញអ្នកភូមិនៅទីនេះ ខ្លះអើត.កពីក្នុងផ្ទះ ខ្លះទៀតឈរមុខផ្ទះ សំឡឹងមើលមកពួកយើង តែការសំឡឹងនេះ ធ្វើឲ្យយើងព្រឺសម្បុរ ព្រោះអ្នកភូមិនៅទីនេះ មុខស្មើ ស្ងួត អត់មានញញឹម ហើយបើកភ្នែកក្រឡោតៗ សំឡឹងមើលមកយើង ឥតមានព្រិច ឥតមានញោចតាមដំណក់ទឹកភ្លៀង ឬ រន្ទះផ្គរសោះ ។ ពេលនោះយើងឃើញ មានអ្នកភូមិខ្លះបោយដៃ ហៅពួកយើងឲ្យចូល ទំនងជាឲ្យយើង ចូលទៅជ្រកភ្លៀងសិនទម្រាំភ្លៀងរាំង ។

គ្នីគ្នាខ្ញុំកេះគ្នាទំនងជាចង់ចូលជ្រកភ្លៀងសិន ព្រោះភ្លៀងខ្លាំង ហើយខ្យល់បោកបក់មកខ្លាំងទៀត កាណូតឡើងឃ្លីងឃ្លោងៗ ហើយខ្ញុំងាកទៅរកតៃកុងកាណូត ឃើញតៃកុងកាណូត ខាំមាត់ មុខឡើងមាំ ចំណែកឯអាក្អូនកូនដៃទូកវិញ អង្គុយរួញខ្លួនញ័រទទ្រើត ឥតហ៊ានងើបមុខមើលទេ ។ ភ្លាមនោះ តៃកុងកាណូតបានរុញចង្កឹះលេខប ន្ថែមល្បឿនឲ្យកាន់តែលឿន តែស្រាប់តែកាណូតរលត់ម៉ាស៊ីនឈឹង ។

ពេលនោះ ខ្ញុំឃើញអ្នកភូមិខ្លះ ចុះទូកចែវមកទំនងជាចែវ សំដៅមកពួកយើង ដោយឥតមានខ្លាចរលកធំៗ ភ្លៀងខ្យល់ដ៏ខ្លាំងនេះទេ ។ ពួកយើងរាងមិនស្រួលក្នុងចិត្ត លួចខ្សឹបខ្សៀវគ្នាថា “ពេលមកដូចជា អត់ឃើញភូមិនេះទេ ចុះម៉េចពេលមកវិញមានភូមិចឹង? ហើយហេតុអីអ្នកភូមិនេះ ដូចជាប្លែកៗមិនធម្មតាអញ្ចឹង?..” ។ កំពុងតែខ្សឹបខ្សៀវ ស្រាប់តែតៃកុងកាណូត ដើរមកខ្សឹបប្រាប់ពួកយើងថា “កុំសំឡឹងមើលពួកវា កុំឆ្លើយឆ្លង កុំប៉ះពាល់អីពួកវាឲ្យសោះ ហើយឆាប់យកស្បោង ដីខ្សាច់ផេះធូប ដែលតេជគុណឲ្យមក” ពួកខ្ញុំលឺហើយ ក៏កាត់យល់ភ្លាមមួយរំពេច យើងមិនបាននិយាយអីទៅវិញទេ តែម្នាក់ៗញ័រដៃ ញ័រជើងគ្រប់គ្នាហើយ ។

តៃកុងកាណូត បានយកស្បោងដីខ្សាច់ ផេះធូបនោះយកមក បិទភ្នែក រួចលើកទូលផុតក្បាល សូត្រធម៌ខ្សឹបៗមួយសន្ទុះ ក៏បាចដីខ្សាច់ផេះធូបនោះ ចូលក្នុងទន្លេ ហើយគាត់ដើរបាចជុំវិញកាណូតរហូតទាល់តែអស់។ ភ្លាមៗនោះ ស្រាប់តែយើងឃើញផ្ទះអ្នកស្រុក, ពន្លឺភ្លើងភ្លឺចិញ្ចាចចិញ្ចែង និងអ្នកភូមិ ដែលកំពុងចែវទូកមករកយើងនោះ រលត់បាត់ស្រមោលបន្តិចម្ដងៗ ជំនួសមកវិញ ដោយព្រៃលិចទឹក ដែលពេលយើងជិះមក យើងឃើញនោះ ។

ទីបំផុត មិនដល់៥នាទីផង ភូមិលើទឹកមួយទាំងមូល បានវិនាសអន្ដរធាន ហើយជំនួសវិញដោយព្រៃលិចទឹក ក្រាស់ឃ្មឹក មានក្ដារមឈូស និង ក្រណាត់ខ្ចប់សាកសព ដាក់រាយប៉ាយលើចុងឈើ ដូចកាលយើងធ្វើដំណើរមកពីដំបូង ។ ខ្យល់ព្យុះ ភ្លៀងផ្គរអម្បាញ់ម៉ិញ ក៏រាំងទៅវិញដែរ រលកទន្លេគគ្រាំគគ្រេង ដែលសឹងផ្អៀងពន្លិចកាណូតយើង ក៏ស្ងប់ស្ងាត់វិញដែរ ។ តៃកុងកាណូតបានបញ្ឆេះម៉ាស៊ីនកាណូតវិញ ហើយបន្ថែមល្បឿន ចេញពីតំបន់ព្រៃលិចទឹកនោះ ទីបំផុតយើងបានមកដល់ទីរួមខេត្តវិញ បានដោយសុវត្ថិភាព ។

ពេលមកដល់ទីរួមខេត្ត តៃកុងកាណូតបានប្រាប់យើងថា តាមពិតភូមិដែលយើងឃើញនោះ ជាភូមិខ្មោចទេ គ្មានភូមិឯណាទេ គឺភូមិនោះជាព្រៃលិចទឹក ដែលអ្នកស្រុកយកខ្មោច ទៅតម្កល់ទុករង់ចាំបូជាពេលខែទឹកស្រក ។ ពួកខ្មោចទាំងនោះ ដោយសារមិនទាន់បានបូជា ធ្វើបុណ្យអីត្រឹមត្រូវ ហើយគេយកទៅដាក់ជុំគ្នាបែបនេះ ទើបវិញ្ញាណពួកវានៅវិលវល់ ប្រមូលផ្ដុំគ្នាជាក្រុមហើយតែងតែលងមនុស្សជាញឹកញាប់ ដោយនិម្មិតជាភូមិអ្នកស្រុក ឬ ជាព្យុះភ្លៀងអីចឹងទៅ ។

គាត់បន្តទៀតថា គាត់ធ្លាប់ជួបតាំងតែពីក្មេងមកម៉្លេះ ខ្មោចលងកណ្ដាលទន្លេបែបនេះ គាត់លែងខ្លាចទៅហើយ ប៉ុន្តែសម្រាប់ពួកយើងវិញ នេះជាលើកទី១ ដែលបានជួប.. ជួបលើកទី១ លេងសុទ្ធតែខ្មោចទាំងភូមិ លើកគ្នាមកលងតែម្ដង ប៊ិះក្រឡាប់កាណូតទៀត បើសិនជាក្រឡាប់កាណូតអី ប្រហែលជាពួកខ្ញុំក្លាយជាអ្នកភូមិ ជនរួមជាតិជាមួយខ្មោចទាំងនោះដែរហើយ ត្បិតពួកខ្ញុំគ្មាននរណាចេះហែលទឹកទេ !!!