ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្ត Khon Kaen បានរាយការណ៍មកថា មានករណីក្មេងជំទង់ម្នាក់ បំរុងលោតសម្លាប់ខ្លួន ពីលើស្ពានឆ្លងថ្ម នៅខាងមន្ទីរពេទ្យខេត្ត Khon Kaen ហើយប៉ូលិសបាននាំកំលាំង និងក្រុមជួយសង្គ្រោះ ទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញយុវជនម្នាក់ ពាក់អាវយឺត ស្លៀកខោខោប៊យ ពណ៌ទឹកប៊ិច ឈរលើស្ពានឆ្លងថ្មរ ដោយយកដៃទៅចាប់និងរបារស្ពាន ហើយបានស្រែកគំរាម មិនឲ្យមនុស្សចូលទៅជិត ប្រសិនបើមាននរណាម្នាក់ ចូលមកជិត គេនឹងលោតចុះក្រោមសម្លាប់ខ្លួនភ្លាមៗ ។

ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សម្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ូលិសបានបិទផ្លូវដើម្បីរងចាំ និងទ្រក្មេងប្រុសនោះ ហើយព្យាយាមសម្របសម្រួល អស់រយៈពេលជាង៣០នាទី នៅតែមិនបានសម្រេច ហើយរូបគេកាន់តែស្រែកយំ និងសំយ៉ាកខ្លួនចុះក្រោម កាន់តែខ្លាំងឡើងៗ។

ខណៈពេលដែលប៉ូលិសកំពុងព្យាយាមចរចារ ជាមួយក្មេងប្រុសនោះ ក្រុមជួយសង្គ្រោះបានលួចឡើងទៅលើស្ពាន ហើយខណៈពេលដែលក្មេងប្រុសនោះបានសម្រេចចិត្ត ព្រលែងដៃចេញពីលើស្ពាន ត្រូវបានបុរសម្នាក់ នៅក្នុងក្រុមជួយសង្គ្រោះចាប់ទាញដៃទាន់ពេល ធ្វើឲ្យមនុស្សម្នា ជាច្រើនដែលកំពុងតែឈរមើលនោះ នាំគ្នាទះដៃអបអរសាទយ៉ាងខ្លាំង បន្ទាប់មកក្រុមជួយសង្គ្រោះ បាននាំក្មេងប្រុសនោះ ឡើងទៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

បើតាមការសាកសួរនាំ ពីអ៊ុំប្រុសរបស់ក្មេងប្រុសនោះ បានរៀបរាប់ថា ក្មួយប្រុសគាត់ អាយុ១៣ឆ្នាំ ឈប់រៀនតាំងពីថ្នាក់ទី៤មកម្ល៉េះ ក្រោយមកបានទៅបួសជាណេនសង្ឃ ហើយបានសឹកមកវិញបាន១ខែហើយ ។

ក្រោយមកគាត់បានដឹងថា ក្មួយប្រុសរបស់គាត់ បានយកកាដូរទៅជូនមិត្តស្រីរបស់គេ ដែលរស់នៅភូមិផ្សេង តែមិត្តស្រីរបស់គេមិនព្រមទទួល ធ្វើឲ្យក្មួយប្រុសរបស់គាត់ តូចចិត្តយ៉ាងខ្លាំង រួចបានរត់ឡើងលើស្ពាន ដើម្បីប៉ងសម្លាប់ខ្លួនតែម្តង ហើយក៏ចង់បញ្ឈឺចិត្តមិត្តស្រីផងដែរ ៕