បរទេស៖ កាលសែត The Sun បានចុះផ្សាយពីករណីដ៏រន្ធត់មួយ ដោយបុរសម្នាក់ត្រូវបានសត្វតោមួយក្បាលត្របាក់ខាំ ដែលករណីនេះបានកើតឡើងនៅក្នុងសួនសត្វមួយកន្លែងនៅទីក្រុង Thabasimbee ប្រទេសអាហ្វ្រិកខាងត្បូង ។

ជនរងគ្រោះមានឈ្មោះ Milk Hord ជនជាតិអង់គ្លេស អាយុ៦៧ឆ្នាំ ជាម្ចាស់សួនសត្វខាងលើ។ មុនកើតហេតុ បុរសរងគ្រោះបានដើរទៅពិនិត្យមើលទីតាំងទ្រុងតោ ស្រាប់តែសត្វតោឈ្មោលមួយក្បាល បានហក់មកត្របាក់ខាំតែម្ដង ។

បន្ទាប់មក អាជ្ញាធរនៅកន្លែងកើតហេតុ បានប្រើកាំភ្លើងបាញ់បង្អើលតោមួយក្បាលនោះ ធ្វើឲ្យវារត់ចេញពីបុរសរងគ្រោះ ដោយបន្សល់ទុករបួសជាច្រើនកន្លែងនៅលើខ្លួនបុរសរងគ្រោះ ដោយរយះក ស្លាបប្រជៀវខាងឆ្វេង ហើយមកទល់ពេលនេះអាការរបស់លោកបានធូរស្បើយហើយ ខណៈកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយឡែកសត្វតោមួយក្បាលនោះ ត្រូវបានអជ្ញាធរបាញ់សម្លាប់ចោលហើយ ព្រោះតែវាកាចសាហាវ អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់ទៀត ។

តាមប្រវត្តិរបស់លោក Milk Hord គាត់បានទៅរស់នៅអាហ្វ្រិកខាងត្បូង តាំងពីឆ្នាំ២០០៣ ដោយបានបង្កើតសួនសត្វខាងលើ រហូតមកដល់ឆ្នាំ២០១៨ មានតោសរុប១២ក្បាល ៕
សហការី KBN
ប្រភព៖ khaosod