យោងតាមកាសែត China Xinhua News បានចុះផ្សាយហេតុការណ៍មួយ នៅលើរថយន្តក្រុង កាលពីថ្ងៃទី២៧ មេសា ២០១៨ កន្លងទៅថ្មីៗនេះ ដោយហេតុការណ៍នេះ បានកើតឡើងដោយសារតែ ក្មេងប្រុសម្នាក់ បានទៅលេងសើចជាមួយបុរសម្នាក់ ដែលកំពុងអង្គុយលើរថយន្តក្រុងម្ខាងទៀត។

ហេតុការណ៍នេះ កើតឡើងគឺដោយសារតែបុរសម្នាក់ បានប្រាប់ឲ្យក្មេងប្រុសរងគ្រោះ ឈប់យកជើងរបស់គេ មកធាក់រូបគាត់ ដោយកំពុងតែអង្គុយស្ងៀមស្ងាត់ តែម្នាក់ឯងនោះទៀតទៅ តែក្មេងប្រុសនោះ នៅតែមិនស្តាប់ ហើយនៅតែយកជើងទៅធាក់ លើបុរសនោះដដែល។

ប៉ុន្មាននាទីក្រោយមក ស្រាប់តែបុរសម្នាក់នោះ មានកំហឹងយ៉ាងខ្លាំង ក៏បានងើបពីកៅអី ចាប់ក្មេងប្រុសនោះ បោកផ្ទប់ទៅនិងបាតរបស់រថយន្តក្រុងនោះ យ៉ាងពេញទំហឹង មិនតែប៉ុណ្ណោះ បន្ទាប់ពីចាប់ក្មេងប្រុស បោកដូចកង្កែបរួចហើយ បុរសនោះក៏បានយកជើង ទៅធាក់ក្មេងប្រុសរងគ្រោះ ចំនួន២ជើងថែមទៀត ហើយក៏មានស្ត្រីម្នាក់ បានចូលទៅជួយហាមឃាត់បុរសនោះ កុំឲ្យធ្វើបាបក្មេងនោះ បន្តទៀត ។

បន្ទាប់ពីកើតហេតុរួច បុរសខាងលើត្រូវបានប៉ូលិស ហៅទៅសួរនាំ ដោយរូបគាត់ឈ្មោះ គួន មានអាយុ២១ឆ្នាំ ហើយរូបគាត់បានសារភាពថា គាត់ព្រមទទួលកំហុសគ្រប់យ៉ាងទាំងអស់ ហើយនិងចេញថ្លៃថ្នាំព្យាបាលក្មេងប្រុសនោះទៀតផង ហើយមូលហេតុដែលគាត់ ចាប់ក្មេងនោះបោក និងធាក់ដូច្នេះ គឺមកពីរូបគាត់មានអារម្មណ៍មិនល្អ មួរម៉ៅជាមួយការងារ ពេលចេញពីធ្វើការ ហើយស្របពេលដែល ក្មេងប្រុសនោះមកលេង ជ្រុលជ្រួសលើរូបគាត់ ហើយគាត់ហាមមិនស្តាប់ ក៏ទប់អារម្មណ៍លែងជាប់តែម្តង ។

បន្ទាប់ពីវីដេអូឃ្លីប ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម ក៏មានអ្នកខ្លះរិះគន់ ហើយអ្នកខ្លះទៀតបាននិយាយថា គឺមកពីក្មេងប្រុសនោះធ្វើជ្រុលហួសហេតុពេក ប្រាប់មិនស្តាប់ ទើបមានរឿងបែបនេះ ហើយក៏ជាមេរៀនខ្លះៗ សម្រាប់អ្នកដែលបណ្តោយឲ្យក្មេង ធ្វើចរិកឈ្លើយទៅលើចាស់ទុំផងដែរ ៕