បរទេស៖ ប្រធានាធិបតីកូរ៉េខាងជើង បានជួបចរចាគ្នាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងតំបន់ហាមឃាត់យោធា កាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ នេះជាលើកទីមួយហើយ ដែលមេដឹកនាំ នៃប្រទេសទាំងពីរបានអង្គុយចរចាគ្នា ចាប់តាំងពីប្រទេស​បងប្អូនទាង២នេះ មានភាពតានតឹងនឹងគ្នា អស់រយៈពេលជាងមួយទសវត្សកន្លងមកនេះ។

កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូង ចាប់តាំងពីឆ្នាំ២០០៧ នៅពេលដែលឪពុករបស់លោកគីម មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ចុងអ៊ីល បានជួបមេដឹកនាំកូរ៉េខាងត្បូង លោក Roh Moo-Hyun ។ នៅមុនពេលកិច្ចប្រជុំនេះ គេរំពឹងទុកថា នឹងមានការជួប​ចរចាគ្នា រវាងលោក គីម ចុងអ៊ុន និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។

ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងយ៉ាងឆាប់រហ័ស បានបង្កឱ្យមានការគំរាមកំហែង និងកើតមានជម្លោះជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ហើយនាំឲ្យបង្កើននូវភាពតានតឹង នៅលើឧបទ្វីប កាលពីចុងឆ្នាំ២០១៧។ រីឯការចរចា រវាងមេដឹកនាំ នៃ​ប្រទេសកូរ៉ទាំង២នេះបានកើតឡើងង រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីក្រុងព្យុងយ៉ាងបានប្រកាសផ្អាកនូវកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលទាំងអស់ និងការបិទកន្លែងសាកល្បងមួយល្បងនូវកម្មវិធីនុយក្លុយអ៊ែររបស់ខ្លួន។

លោក គីម ចុងអ៊ុន (Kim Jong-un) មេដឹកនាំ នៃប្រទេសកូរ៉េខាងជើង និង លោក Moon Jae-in ប្រធានាធិបតី នៃប្រទេសកូរ៉េ​ខាងត្បូង បានចាប់ដៃគ្នា ជាប្រវត្តិសាស្រ្ដ ប្រកបដោយស្នាមញញឹមដាក់គ្នា ហើយអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបរបស់ពួកគេ។ មេដឹក​នាំទាំងពីរបានឈានជើងយ៉ាងខ្លី ចូលទៅក្នុងទឹកដីកូរ៉េខាងជើង មុនពេលត្រឡប់ទៅផ្នែកខាងត្បូង នៃព្រំដែន ជាកន្លែងដែលពួកគេត្រូវបានទទួលស្វាគមន៍ ដោយកងការពាររបស់ប្រទេសកូរ៉េ៕