ខេត្តពោធិ៍សាត់​៖​ បុរសម្នាក់បានឡើងប្រក់ដំបូលផ្ទះ​ នៅជិតបង្គោលភ្លើងដែលមានតង់ស្យុងខ្លាំង ក៏ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់មកលើដី បណ្ដាលឲ្យរងរបួស​ធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា​ម៉ោង៤ ​និង​៤០​នាទីល្ងាច ​ថ្ងៃ​ទី​២៦​ ​ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​។

​ប្រភព​ព័ត៌មាន ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ ​ឈ្មោះ​ វ៉ិ​ត​ អាយុ​៣២​ឆ្នាំ​ មានមុខ​របរ​ធ្វើ​ជាង​ផ្ទះ​ មានស្រុក​កំណើត​នៅ​ភូមិ​គោ​ខ្ពស់​ ឃុំ​បុ​គ្គ​ឋិ​ន​ ស្រុក​ថ្មពួក​ ខេត្តឧត្តរមានជ័យ​ ប៉ុន្តែគាត់បានមក​ស្នាក់​នៅ​ក្នុងស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។ មុនពេលពេលកើតហេតុ ជនរងគ្រោះបាន​ឡើង​ប្រក់​ដំបូង​ផ្ទះ នៅជិតបង្គោលភ្លើង ដែលមានតង់ស្យុងខ្លាំង ហើយគាត់លើកសង័្កសីទៅប៉ះនឹងបង្គោលភ្លើង ក៏ឆ្លងចរន្តឆក់ធ្លាក់​មក​លើដី បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ករណីនេះ បើតាមសមត្ថកិច្ចមូលដ្ឋាន​ បានសន្និដ្ឋានថា មកពីជនរងគ្រោះធ្វើការងារ នៅជិតបង្គោលភ្លើង ទាំងខ្វះការប្រុងប្រយ័ត្ន៕