ខេត្តព្រៃវែង៖ ក្មេងពាល ២នាក់មិនខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតប្រកបដោយអំពើសុចរិត បែរក្លែងខ្លួនធ្វើជាព្រះសង្ឃ ប្លន់ម៉ូតូរបស់បុរស​វ័យចំណាស់ម្នាក់បានសម្រេច តែអំពើអាក្រក់ព្រះមិនជួយ ក៏ត្រូវសមត្ថកិច្ចដេញតាម តាំងពីវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់​ត្របែក រហូតដល់ភូមិសុណនចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ទើបចាប់ខ្លួនបាន នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២ កើតខែពិសាខ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង័្សយបានក្លែងខ្លួនធ្វើជាព្រះសង្ឃ ហើយពឹងជនរងគ្រោះឲ្យជូនទៅវត្តវត្តបឹង​ក្រទឹប។ ដោយអាងថាជាព្រះសង្ឃ ទើបជនរងគ្រោះបើកម៉ូតូជូនព្រះសង្ឃក្លែងក្លាយនោះទៅ។ លុះពេលពេលជនរងគ្រោះបើកម៉ូតូ​ដឹក​ជន​សង្ស័យមកដល់វាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ស្រាប់តែជនសង័្សយទាំង២នាក់នោះ បានទាញម៉ូតូរបស់ជនរងគ្រោះ​ផ្តូល ហើយចាប់ជនរងគ្រោះចងមុខ និងដាកឲ្យដេកផ្ងារ ហើយវាយចំនួន២ដៃ ឈូសចំនួន៥ជើង រួចបើកម៉ូតូរបស់គាត់គេចខ្លួនទៅទិសខាងជើងបាត់។ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តាមចាប់ខ្លួនជនល្មើស។

មន្ត្រីនគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ សុីម វិសាល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២-ឈ្មោះ ប៉ុល បញ្ញា ភេទប្រុស អាយុ២០​ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក។ រីឯជនរងគ្រោះ ឈ្មោះ ឈឹម ខឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនសង័្សយប្លន់បានពីជនរងគ្រោះនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ លេខម៉ាសុីន ND125ME8897335 លេខតួ N125MDD8897335 ពាក់ស្លាកលេខ ព្រៃវែង 1G-1393។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម សមត្ថកិច្ចបានសហការគ្នា ដាក់កម្លាំងស្ទាក់ និង​ដេញតាមចាប់ជនល្មើស រហូតដល់ភូមិសុណនចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ទើបនគរបាលឃាត់ខ្លួនជនសង័្សយបានទាំង២នាក់ រួមនឹងម៉ូតូរបស់ជនរងគ្រោះ។
ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិ្ចចបាននាំខ្លួនជនសង័្សយទាំង២នាក់ និងម៉ូតូ មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕