ភ្នំពេញ៖ បន្ទាប់ពីបើកដំណើរបណ្ដោះអាសន្នផ្លូវរថភ្លើងចម្ងាយខ្លីពីស្ថានីយអយស្ម័យយានភ្នំពេញ ទៅមកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ គេឃើញនៅចំនុចវត្តតាំងកសាងខាងត្បូងផ្សារកណ្ដាល រហូតដល់មុខព្រលានយន្តហោះ តាមបណ្ដោយផ្លូវ ១០៥ កើតមានករណីគ្រោះចរាចរណ៍ជាញឹកញាប់ បណ្ដាលឱ្យមានមនុស្សគ្រោះថ្នាក់មិនតិចជាង ១០នាក់ក្នុងមួយថ្ងៃ ដែលករណីទាំងនេះបណ្ដាលឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងខាងលើ រអ៊ូរទាំ និងរិះគន់យ៉ាងខ្លាំងទៅលើផ្លូវរថភ្លើងនេះថា សាងសង់គ្មានបច្ចេកទេសត្រឹមត្រូវ ។

ក្រៅពីនេះទៀតប្រជាពលរដ្ឋក៏បានលើកឡើងថា ការសាងសង់ផ្លូវរថភ្លើងនៅលើផ្លូវព្រមទាំងកណ្ដាលទីប្រជុំជនដូចនេះ អាចបង្កឱ្យមានផលគ្រោះថ្នាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅតំបន់ខាងលើ និងអ្នកដំណើរ ។

យោងតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាស៊ីម សុរិយា អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារ KBN តាមរយៈទូរស័ព្ទថា សម្រាប់ផ្លូវ រថភ្លើងចម្ងាយខ្លី ឬហៅថា Tramway មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយឡើយ ពោលគឺនៅបរទេស ក៏គេធ្វើដូចនេះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ទាក់ទងនឹងពាក្យថាខុសបច្ចេកទេសនេះ ឯកឧត្ដមបានលើកឡើងថា ក្រសួងក៏ពុំដឹងដែរ ទាក់ទងនឹងបញ្ហាថា «ខុសបច្ចេកទេស» នេះ ពោលគឺជាការងាររបស់ក្រុមហ៊ុនសាងសង់ ដោយក្រសួរគ្រាន់តែសហការ ត្រួសត្រាយផ្លូវតែប៉ុណ្ណោះ ។

ងាកមកមតិរបស់ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ផ្លូវដែកខាងលើនេះបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ជាពិសេសម៉ូតូ ដោយសារតែផ្លូវដែកធ្វើឡើងមានចន្លោះធំៗ អាចធ្វើឱ្យកង់ម៉ូតូផុងចូលបោកដួលបានយ៉ាងងាយ ហើយពេលដែលគ្រោះថ្នាក់ខ្លាំង គឺជាពេលយប់ងងឹត ។

សូមបញ្ជាក់ថា ផ្លូវ Tramway ខាងលើ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Royal Railway សហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ។ ផ្លូវនេះ សាងសង់បង្កប់ក្នុងផ្លូវចាក់បេតុង ប្រវែងសរុប ៩៦១៣ម៉ែត្រ អាចឱ្យយានយន្ត ធ្វើដំណើរឆ្លងកាត់បានដោយសេរី ៕
សហការី KBN