ខេត្តកោះកុង៖ បុរសម្នាក់លួចក្របីរបស់អ្នកស្រុកមួយក្បាល ដឹកតាមរ៉ឺម៉កបម្រុងយកទៅពន្លះសាច់ តែអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ កាលពីព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងដីឡូត៍មួយកន្លែង នាខាងជើងផ្លូវជាតិលេខ៤៨ មានចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកវរសេនីយ៍ត្រី ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីលួចក្របីខាងលើនេះ ឈ្មោះ ហង់ វិជ្ជរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបិទស្គុតម៉ូតូ មានស្រុកកំណើតនៅភូមិតាព្រាម ឃុំតានី ស្រុកអង្គ​រ​ជ័យ ខេត្តកំពត តែគេបានមកស្នាក់នៅផ្ទះជួល ក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រីឯម្ចាស់ក្របី ឈ្មោះ ស៊ីម កូលាប ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាធ្វើស្រែ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានមេក្របីមួយក្បាល រទេះធ្វើអំពីដែក១ ពូថៅ១ ម៉ូតូ១គ្រឿង កូនកាំបិតមុខស្រួច១ ការុង ខ្សែចងក្របីមួយដុំ និងស្បោងមួយចំនួន។

លោកអធិការនគរបាលក្រុង បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង័្សយខាងលើនោះ ប្រជាពលរដ្ឋបានរាយការណ៍ពីករណីបាត់មេក្របីមួយក្បាលមកសមត្ថកិច្ច្។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ​ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបានម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការ​តាមនីតិវិធី ហើយបន្តតាមចាប់ខ្លួនជនសង័្សយម្នាក់ទៀតដែលកំពុងរត់គេចខ្លួន នាំមកផ្ដន្ទាទោសតាមច្បាប់៕