ខេត្តកណ្តាល​៖​ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ B-Smart​ មួយ​កន្លែង​ កាលពីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅក្នុង​ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​។

មន្រ្ដីនគរបាលសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះធ្វើឡើង ​ក្រោម​​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្តង់ដា​រកម្ពុជា​ មន្ទីរ​ឧស្សា​ហកម្ម​ និង​សិប្បកម្ម​ខេត្ត​ និង​នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​ និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​លោក​ ម៉ាត់​ យូ​សុះ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធិបញ្ញា​ បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​ សមត្ថកិច្ចចម្រុះបានរកឃើញ​ថា​ នៅក្នុង​រោងចក្រ​ខាងលើ​បានផលិត​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ រួមមាន​ B-Smart​ Grean​ Tea,​ Honey, Strawberry,​ Energy​ Drink, ​ប៉ៃ​តង,​ Energy​ Drink។ ផលិតផលទាំងនេះ​ផលិត​ពុំ​អនុលោម​ត្រឹមត្រូវ​តាម​ការ​ចុះបញ្ជី​ច​.​ប​.​ផ​.​នៅ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​នោះ​ឡើយ ហើយ​ទី​តាំងផលិត​ពុំ​បាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ​ និង​ខ្វះ​អនាម័យ​ថែម​ទៀត​ផង​។​ ប៉ុន្តែ​សមត្ថកិច្ច​ពុំ​បាន​​បិទ​រោងចក្រ​នោះ​ឡើយ​ គ្រាន់តែ​ណែនាំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ ធ្វើ​ឲ្យ​ស្រប​តាម​ស្តង់ដា​រ និង​អនាម័យ​តែប៉ុណ្ណោះ​។​

លោក​ ម៉ាត់​ យូ​សុះ​ បាន​បន្ថែម​ថា​ យោង​តាម​ការ​សម្របសម្រួល​ពី​លោក​ ហេង​ ផេង​ ព្រះ​រា​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ ​តាម​បទដ្ឋាន​បច្ចេកទេស​ និង​អនាម័យ​ឲ្យត្រឹមត្រូវ​ ព្រមទាំង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ដែល​មានឈ្មោះ​ ង​ន​ សុគន្ធ​ ទៅ​​បំភ្លឺ​​នៅ​ក្នុងនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ដើម្បី​បន្ត​តាម​នីតិវិធី​៕