បរទេស៖ យោងតាមគេហទំព័រ Daily Mail របស់ប្រទេសអង់គ្លេស បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines មួយគ្រឿងបានរងនូវការឆាបឆេះ ហើយត្រូវបង្ខំចិត្តចុះចតបន្ទាន់ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ដើម្បីការពារ​សុវត្ថិភាពរបស់អ្នកដំណើរ។

នៅពេលយន្តហោះ Airbus A333 ខាងលើចុះចត នៅលើផ្លូវរត់ នៃអាកាសយានដ្ឋានខាងលើនោះ គេឃើញភ្លើងឆាបឆេះលាយឡំនឹងផ្សែងខ្មួលខ្មាញ់ចេញពីម៉ាស៊ីនយន្តហោះ ហើយរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកមកលើយន្តហោះនោះ។ ជើងហោះហើរ Delta Flight 30 ត្រូវបានកំណត់ឲ្យហោះហើរ ចេញពីទីក្រុងអាត្លង់តាឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអងគ្លេស ហើយយន្តហោះនេះបានចុះចតភ្លាមៗ ក្រោយពេលហោះឡើងបានបន្តិច។

មន្រ្ដីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជើងហោះហើរមួយនេះ បានចុះចត ដោយគ្មានឧប្បត្តិហេតុណាមួយកើតឡើងនោះទេ ហើយភ្ញៀវទាំងអស់ត្រូវបានផ្ទេរទៅកាន់យន្តហោះផ្សេង ដើម្បីបន្តដំណើររបស់ពួកគេទៅមុខទៀត៕