ភ្នំពេញ៖ បន្ទាប់ពីតារាជាច្រើន បានជួបទុក្ខផ្ទួនៗគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែករុណា ពេជ្រ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ដូចតារាផ្សេងៗដែរ គឺគាត់បានប្រកាសលក់ផ្ទះវីឡា ដ៏ស្កឹមស្កៃ ដើម្បីយកប្រាក់នាំឪពុកទៅព្យាបាលនៅក្រៅប្រទេស បន្ទាប់ពីព្យាបាលនៅក្នុងស្រុក ពុំបានធូរស្បើយនោះមក ។

កាលពីឆ្នាំមុន ក្នុងចំណោមតារាជាច្រើន ករុណា ពេជ្រ ហាក់ដូចជាលេចធ្លោជាងគេ និងល្បីថាជាតារាដែលមាន ទ្រព្យសម្បត្តិស្តុកស្តុម្ភជាងតារាប្រុសៗផ្សេងៗ ហើយក៏ជាតារាដែលគ្រងដំណែង ក្នុងផលិតកម្ម បានយូរជាងគេផងដែរ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោកធ្លាក់ខ្លួន ដោយសារតែឪពុករបស់លោក មានជំងឺកាន់តែធ្ងន់ ហើយត្រូវការលុយបន្ទាន់ ដើម្បីបន្តទៅព្យាបាលនៅក្រៅប្រទេស។

ផ្ទះវីឡាដ៏ប្រណិតរបស់លោក ករុណា ពេជ្រ ដែលលោកបានប្រកាសលក់ គឺស្ថិតនៅក្នុងបុរីពិភពថ្មី ជិតវត្តសំរោងអណ្តែង និងមានតម្លៃជាងកន្លះលានដុល្លារអាមេរិកផងដែរ តែលោកមិនបានបញ្ជាក់ពិតប្រាកដ ពីតម្លៃលក់នោះទេ ។ តែទោះជាយ៉ាងណា អ្នកគាំទ្រលោកជាច្រើន បាននាំគ្នាកោតសរសើរ និងភាពកត្តញ្ញតាធម៌ដែលលោកមានចំពោះឪពុក ដែលជាអ្នកមានគុណ មិនអាចកាត់ថ្លៃបាន ៕