សូម្បីតែសត្វឆ្កែ ក៏ចេះស្រលាញ់ម្ចាស់វាដែរ ហើយពេលដែលវាឃើញម្ចាស់វា ចូលរោងការជាមួយបុរសម្នាក់នោះ វាក៏អាចគិតថា ម្ចាស់វានឹងកាត់បន្ថយ ការថ្នាក់ថ្នម ការថែទាំ និងភាពស្និតស្នាល ចំពោះវាជាមិនខាន។ ជាក់ស្តែងរូបភាពដ៏កំរមួយ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឃើញសត្វឆ្កែមួយក្បាល ធ្វើមុខស្រពោន ឈរនៅក្បែរម្ចាស់ស្រីរបស់វា ហើយអ្នកលេងបណ្តាញសង្គមភាគច្រើន បានសរសេរខមិនថា ប្រហែលជាឆ្កែនោះ នឹកស្រណោះ និងស្តាយម្ចាស់វាខ្លាំងណាស់ មើលទៅទើបបានជាមុខមិនរីកដូច្នេះ។

ទោះជាយ៉ាងណា នៅក្នុងពិធីមង្គលការ គូស្វាមីភរិយាមួយគូរ បានបង្ហាញពីក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក តែពួកគេក៏មិនភ្លេចសត្វដ៏ស្មោះត្រង់ និងជាទីស្រលាញ់របស់ខ្លួនដែរ គឺបានយកវាមកនៅឈរក្បែរ ពិធីចងដៃ និងបានថតរូបជុំគ្នាជាច្រើនសន្លឹក ដែលនេះបង្ហាញថា ពួកគេចង់បញ្ជាក់ពីក្តីស្រលាញ់ ចំពោះសត្វឆ្កែមួយក្បាល ដែលពួកគេបានចាត់ទុកជា សមាជិកមួយរូបនៅក្នុងគ្រួសាររបស់គេ ទោះជាទៅទីណាក៏ពួកគេ មិនភ្លេចសត្វឆ្កែដ៏ស្មោះត្រង់១ក្បាលនេះដែរ ។

គួរបញ្ជាក់ផងដែរថា ពិធីអាពាហ៍ពិពាហ៍គូរស្វាមី ភរិយាថ្មីនេះ កូនកំលោះឈ្មោះ ស៊ាន ស៊ីថង ហើយកូនក្រមុំ ឈ្មោះ សូនី កន្នីកា បានចាប់ដៃគ្នាជាមិត្ត១០០ឆ្នាំ ចូលរោងជ័យតាមប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ តែអ្វីដែលធ្វើឲ្យភ្ញៀវ លោកមេបា ចាប់អារម្មណ៍នោះ គឺសត្វឆ្កែមួយក្បាលបានព្យាយាម ចូលទៅជិតកូនក្រមុំ ដែលជាម្ចាស់ជាទីស្រឡាញ់របស់វា ។ ក្រោយពេលបង្ហោះរូបភាពនេះ អ្នកនាងកន្និកា ដែលជាកូនក្រមុំ បានសរសេរពាក្យ១ឃ្លាថា “ម៉ែអើយឲ្យកូនការម៉េចទៅ បើចៅម៉ាក់ រត់ចូលគ្រប់កម្មវិធីអញ្ចឹង ជាន់ចានជាន់ឆ្នាំង ជាន់ជំនូន ឲ្យតែបានមកជិតម៉ាកវា (កន្និកា) អ្នកណាចាប់វា វាសំឡក់ទៀត” ៕