ចែករំលែក

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៣ មេសា ២០១៨ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ស្ថិតនៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយរថយន្ត និងម៉ូតូ២គ្រឿងបានបុកគ្នា ពេញទំហឹង ក្នុងស្ថានភាពបើកបញ្ច្រាស់ទិសគ្នា ។

បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Frontier ដឹកហ្គាស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7354 បើកមកពីទិសខាងលិច លុះដល់ចំណុចកើតហេតុ រថយន្តក៏បានបែកកង់ រេចង្កូតចូលទៅផ្លូវម្ខាងទៀត បណ្តាលឲ្យបុកម៉ូតូ២គ្រឿង ដោយ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ សេរី២០១៤ ស្លាកលេខ 1J-0381 អ្នកបើកឈ្មោះ ហ៊ន ដារ័ន ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យជនរងគ្រោះស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ ។

ជនរងគ្រោះក៏បានដឹកមនុស្ស២នាក់ទៀត ជិះជាមួយគ្នា ម្នាក់ជាប្រពន្ធឈ្មោះ អ៊ុក គន្ធ អាយុ២៩ឆ្នាំ មុខរបរកសិករ របួសធ្ងន់ ម្នាក់ទៀតជាកូនប្រុស ឈ្មោះ វ៉ាន ដាវ៉ាន់ អាយុ២ឆ្នាំ របួសស្រាល ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1H-9288 បើកដោយឈ្មោះ ខៀវ ដា ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក បានចុះពីលើឡានរត់បាត់ស្រមោល ហើយពេលសមត្ថកិច្ចចុះទៅដល់ ក៏បានធ្វើការត្រួតពិនិត្យ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ចំណែកអ្នកស្លាប់ ក្រោយពីធ្វើកោសល្យវិច្ច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែករថយន្តបង្ក សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុក និងស្រាវជ្រាវរកម្ចាស់ ដើម្បីទទួលខុសត្រូវ តាមច្បាប់ ៕