ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ពលរដ្ឋនាំគ្នាផ្អើលទៅមើលពស់វែកមួយក្បាល នៅផ្ទះរបស់ក្រុមការងារ១ក្រុម ស្ថិតនៅក្នុងស្រុក Klorng Thom ខេត្តក្រាប៊ី (Krabi) ដែលនៅក្បែរក្បឿងមួយពំនូក ហើយចំណុចពិសេសរបស់ពស់នេះ គឺវាមានសម្បុររហូតដល់ទី៣ពណ៌ គឺពណ៌ស ពណ៌ខ្មៅ និងពណ៌មាស ។

យោងតាមការរៀបរាប់ពីលោក ឆើត ង៉ាន់ឌី អាយុ៥៥ឆ្នាំ ដែលបានប្រទះឃើញពស់នេះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាជនបានប្រទះឃើញសត្វឆ្កែជាច្រើនក្បាល តាមព្រុះក្បែរបរិវេណកន្លែងស្នាក់នៅ របស់ក្រុមកម្មករចំការកៅស៊ូមួយកន្លែង ហើយពេលដែលរូបគាត់ដើរទៅមើល ស្រាប់តែប្រទះឃើញពស់វែកដ៏ធំ ប្រវែងប្រហែល៣ទៅ៤ម៉ែត្រ ទំងន់ប្រហែលពី១០ ទៅ១៥គីឡូក្រាម កំពុងលាក់ខ្លួនក្បែរកន្លែងទុកជ័រកៅស៊ូ ។

អ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងនោះ គឺវាមានលក្ខណៈពិសេសជាងពស់វែកដទៃទៀត គឺវាមានសម្បុរ៣ពណ៌ មិនតែប៉ុណ្ណោះប្រជាជនដែលរស់នៅ ក្បែរតំបន់នោះមានជំនឿថា វាជាប្រភេទពស់វែក វារចេញពីភ្នំឈ្មោះ “ភ្នំខោខកឆាង” ជារាងរាល់ឆ្នាំ នៅពេលដែលដល់ថ្ងៃកំណត់របស់វា វានឹងវារចេញពីភ្នំខោខកឆាងនោះ ចូលក្នុងភូមិ ។

ពុំមាននរណាម្នាក់ ហ៊ានទូរស័ព្ទទៅហៅក្រុមជំនាញចាប់ពស់ មកចាប់ពស់១ក្បាលខាងលើនេះឡើយ ព្រោះតែខ្លាចពេលដែលចាប់ពស់នេះទៅ នាំឲ្យមានគ្រោះមិនល្អ ដល់ប្រជាជននៅក្នុងភូមិ ម្យ៉ាងទៀតគេជឿថាពស់នេះ មានម្ចាស់ទៀតផង ។ ប្រជាជនក៏បាននាំគ្នា ចូលមកសុំសេចក្តីសុខ និងសុំលេខឆ្នោតយ៉ាងច្រើនកុះករផងដែរ ៕