ក្រោយពីទឹកជំនន់នៅប្រទេសប៉ាគីស្ថាន កាលពីប៉ុន្មានឆ្នាំមុន បានធ្វើឲ្យលំនៅដ្ឋានរបស់មនុស្សរាប់លាននាក់ ត្រូវបានលិចលង់ និងបានតម្រូវឲ្យពួកគេស្វែងរកទីទួល ដែលមានសុវត្ថិភាព ហើយក្នុងពេលនោះផងដែរ ក៏មានសត្វពីងពាងរាប់លានក្បាល ប្រជែងគ្នាជាមួយមនុស្ស សង់ទីជម្រកថ្មីរបស់វាផងដែរ ។

ជាធម្មតាសត្វពីងពាង វាកម្រយកដើមឈើធ្វើជាកន្លែងរស់នៅប្រចាំថ្ងៃរបស់វាណាស់ ប៉ុន្តែដោយសារតែទឹកជំនន់ជន់លិចផ្ទះ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលពួកវារស់នៅ ហើយគ្មានជំរកផ្សេងក្រៅពីដើមឈើនោះ ទើបពួកវាសម្រេចយកដើមឈើ ដើម្បីធ្វើជាអាណាចក្ររបស់ពួកវាតែម្តង ។

ដោយសារតែទឹកជំនន់នេះហើយ ទើបធ្វើឲ្យមនុស្សលើពិភពលោក ឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់សត្វពីងពាង គឺវាអាចរុំដើមឈើដ៏ធំ បង្កើតជាសំបុកដ៏រឹងមាំ ដោយវាបានប្រើសំណាញ់របស់ពួកវាព័ទ្ធយកដើមឈើរាប់ពាន់ដើម មកធ្វើជាអាណាចក្រដ៏រឹងមាំ សូម្បីតែមនុស្សក៏ញញើត និងព្រឺសម្បុរដែរ ពេលដែលឃើញសំបុករបស់វា ។

កំឡុងពេលផ្តល់ជំនួយសប្បុរសធម៌ កាលពីឆ្នាំមុន លោក Russell Watkins អ្នកថតរូបម្នាក់ បានទៅដល់កន្លែងខាងលើ ហើយប្រទះនឹងសំណាញ់ពីងពាងដ៏គួរឲ្យខ្លាចនេះ ព្រោះគាត់ឃើញដើមឈើរាប់ពាន់ដើម ត្រូវបានហ៊ុំព័ទ្ធដោយសំណាញ់ពីងពាង ស្ទើរតែបាត់រូបរាងទាំងស្រុងទៅហើយ ។

ជាធម្មតាបើមានទឹកជំនន់ ជន់លិចបែបនេះគួរតែមានមូសច្រើន តែផ្ទុយទៅវិញ បែរជាចំនួនមូសមានការថយចុះ ដោយប្រជាជននៅតំបន់នោះ បានគិតថា មូសទាំងអស់ អាចនឹងក្លាយជាចំណីរបស់ពីងពាង ពេលដែលហើរមកប៉ះសំណាញ់មរណៈ របស់សត្វពីងពាងទាំងនោះ ។

ប៉ុន្តែអ្នកជំនាញខាងផ្នែកសត្វល្អិត បាននិយាយថា ការផ្លាស់ប្តូរអាកាសធាតុបែបនេះ វាប៉ះពាល់ដល់សត្វមូសជាងសត្វពីងពាង តែបើយើងមើលទៅរូបភាពផ្ទាល់ យើងអាចស្មានថា សត្វមូសវាគ្មានឱកាសអាចហើរចេញពីទឹកបានទេ ព្រោះហ៊ុំព័ទ្ធទៅដោយសំណាញ់ ស្ទើរតែទាំងស្រុងនៅលើផ្ទៃទឹកនោះ ៕