ហ្វេសប៊ុក៖ មួយរយៈនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការបង្ហោះយ៉ាងព្រោងព្រាតនូវសារមួយដែលគេអះអាងថា ជាសារចេញពីក្រុមហ៊ុនហ្វេសប៊ុកដែលតម្រូវឱ្យយើងធ្វើតេស្តវាយពាក្យ «BFF» នៅក្នុងប្រអប់ Comment ដើម្បីពិសោធន៍ចង់ដឹងថា គណនីហ្វេសប៊ុករបស់យើងមានសុវត្ថិភាពពេញលេញ ឬទេ ។ ប្រសិនបើពាក្យ «BFF» ឡើងពណ៌បៃតង គណនីហ្វេសប៊ុករបស់យើងត្រូវបានការពារពេញលេញ តែប្រសិនបើនៅតែមានពណ៌ដដែល (ពណ៌ខ្មៅ) នោះបញ្ជាក់ឱ្យដឹងថា គណនីហ្វេសប៊ុករបស់អ្នកមិនមានសុវត្ថិភាពនោះទេ ដាច់ខាតត្រូវតែប្ដូរលេខសម្ងាត់បន្ទាន់ ។

ទាក់ទងជាមួយសារខាងលើនេះដែរ ពេលនេះក៏មានការបកស្រាយថ្មីមួយទៀត ពីក្រុមហ៊ុនហ្វេសប៊ុកថា តាមពិតព័ត៌មានខាងលើនេះ ជាព័ត៌មានមិនពិត ពោលគឺបោកប្រាស់ទាំងស្រុង ខណៈដែលពាក្យ «BFF» មានន័យពេញថា «Best Friends Forever» ជាពាក្យមួយដែលមានល្ខណៈពិសេសក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានកំណត់ជាពាក្យជាក់លាក់មួយផងដែរ ដូចនេះទើបវាឡើងពណ៌បៃតង រាល់ពេលយើង Comment ឬសរសេរនៅលើ Status ជាដើម ។

ក្រៅពីពាក្យ «BFF» ក៏នៅមានពាក្យជាច្រើនទៀតដែលហ្វេសប៊ុកកំណត់ជាពាក្យពិសេសសម្រាប់ប្រើ និងមានន័យល្អៗ ក្នុងនោះមានដូចជា «You’re The best» «Xoxo» «You’ve got this» «Congrats» «Gefeliciteerd» «Congratulation» «Pupici»… ដែលពាក្យទាំងនោះ សុទ្ធតែអាចប្ដូរពណ៌បានផ្សេងៗគ្នា រាល់ពេលយើងសរសេរក្នុងប្រអប់ Comment និងនៅលើ Status ៕
សហការី KBN
ប្រភព៖ Stomp