បរទេស៖ បន្ទាប់ពីរៀបមង្គលការរួចហើយ បុរសជនជាតិឥណ្ឌាម្នាក់មិនឃើញគ្រួសារខាងស្រី យកថ្លៃបណ្ដាការមកឲ្យគ្រួសារ​របស់ខ្លួន ទើបគេប្រើល្បិចឃុបឃិតគ្នាជាមួយនឹងគ្រូពេទ្យជំនាញ លួចវះកាត់តម្រងនោមរបស់ប្រពន្ធខ្លួនលក់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាមគេហទំព័រ Elitereaders បានឲ្យដឹងថា អ្នកស្រី Rita Sarkar ២៩ឆ្នាំ បានរៀបការជាមួយនឹងបុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Biswajit Sarkar។ បន្ទាប់ពីរៀបការរួចហើយ ក្រុមគ្រួសាររបស់នាងបានខកខាត់បង់ថ្លៃបណ្ដាការទៅឲ្យភាគីខាងកូនបុរស ធ្វើឲ្យ​ប្ដីរបស់នាងចេះតែរអ៊ូរទាំពីរឿងថ្លៃបណ្ដាការនោះ។ លុះក្រោយមក ប្ដីរបស់នាងបានឃុបឃិតគ្នាជាមួយនឹងគ្រូពេទ្យ វះកាត់យកតម្រងនោម​របស់នាងទៅលក់ ដើម្បីទូទាត់គ្នាថ្លៃបណ្ដាការដែលគ្រួសារខាងស្រីជំពាក់។

អ្នកស្រី Rita Sarkar បាននិយាយប្រាប់អ្នកកាសែតថា ដោយសារតែក្រុមគ្រួសាររបស់នាងគ្មានលុយបង់ថ្លៃបណ្ដាការនោះ ទើបនាងបានក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពានពីប្តីរបស់នាង។ ប៉ុន្តែអ្វីដែលនាងមិនដឹង គឺថាប្តីរបស់នាង (Biswajit Sarkar) បាន​លួចតម្រងនោមរបស់នាងជាប្រពន្ធ យកទៅលក់។

អ្នកស្រី Rita Sarkar បានបន្តថា​ “កាលពី២ឆ្នាំមុន នាងបានចាប់ផ្តើមឈឺក្រពះ ហើយប្តីរបស់នាងបាននាំនាងទៅផ្ទះថែទាំសុខភាព នៅគ្លីនិកឯកជនមួយ នៅកូលកាតាជាកន្លែងដែលគាត់ និងបុគ្គលិកពេទ្យ​ បានប្រាប់នាងថា នាងនឹងមានបញ្ហាសុខភាពធ្ងន់ ត្រូវការវះកាត់។ ក្រោយពេលវះកាត់ហើយ នាងចាប់ផ្តើមមានអារម្មណ៍ថា មានអ្វីខុសប្លែកពីមុន។ មិនយូរប៉ុន្មាន ក្រោយពេលត្រលប់មកផ្ទះវិញ នាង​ចាប់ផ្តើមឈឺចាប់យ៉ាងខ្លាំង នៅផ្នែកខាងខ្នង។ នៅពេលនោះ នាងបានសុំឲ្យប្ដីរបស់នាង ជួនទៅជួបគ្រូពេទ្យ តែប្ដីបានបដិសេធ។ ផ្ទុយទៅវិញ ប្ដីរបស់នាង​នៅតែទុកនាងឲ្យនៅក្នុងផ្ទះ ឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្តិ រហូតដល់នាងបានជាសះស្បើយ ដោយខ្លួនឯង។

អ្នកស្រី Rita Sarkar បានបន្តថា ជាការពិត ចាប់តាំងពីការវះកាត់លើកទីមួយនោះមក ឥរិយាបថបស់ប្ដីនាងមានលក្ខណៈចម្លែក។ លុះពេលអាការជំងឺរបស់នាងចាប់ផ្ដើមរើឡើងវិញ គឺនាងត្រូវបានសាច់ញាតិ និងឪពុកម្ដាយរបស់នាងបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រីមួយកន្លែង នៅទីនោះ ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថា តម្រងនោមរបស់របស់នាងម្ខាង ត្រូវបានបាត់ហើយ។

អ្នកស្រី Rita Sarkar បានប្រាប់កាសែត Hindustan Times ថា “នាងត្រូវបានគេបំផ្លាញ។ បន្ទាប់មក នាងបានយល់ថា ហេតុអ្វីដែលស្វាមីរបស់នាង បានអង្វរនាងឱ្យនៅស្ងៀម កុំនិយាយពាក់ព័ន្ធនឹងការវះកាត់នោះ ទើបនាងដឹងថា ប្ដីរបស់នាងបានលក់តម្រង​នោមរបស់នាង ដោយសារតែគ្រួសាររបស់នាងមិនលុយសម្រាប់បង់ថ្លៃបណ្ណាការនោះ “។

បើតាមសម្ដីររបស់ឪពុករបស់នាង Rita Sarkarបាននិយាយថា នាង និង Biswajit បានរៀបការ នៅអំឡុងឆ្នាំ២០០៥ ប៉ុន្តែនៅពេលនោះ គ្រួសាររបស់គាត់មានប្រាក់តែ ១៨០ ០០០ រូបី(លុយឥណ្ឌា) ឬស្មើនឹង២៨០០ដុល្លារតែប៉ុណ្ណោះ ទើបមិនគ្រប់ថ្លៃបណ្ដាការឲ្យទៅខាងកូនប្រុស។

ក្រោយពេលបែកធ្លាយរឿងរ៉ាវវះកាត់តម្រងនោមប្រពន្ធលក់រួចមក អ្នកស្រី Rita Sarkar បានប្តឹងទៅប៉ូលិសក្រុង West Bengal ហើយទាំងប្ដីរបស់នាង ឈ្មោះ Bisjawit និងបងប្រុសរបស់គេ ឈ្មោះ Shyamal Sarkar ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់​ពីបទជួញដូរសរីរាង្គរបស់មនុស្ស និងស្ត្រីម្នាក់ត្រូវឃាត់ខ្លួនពីប្រព្រឹត្ដឧក្រិដ្ឋកម្មដោយចេតនា។

ក្នុងអំឡុងពេលសួរចម្លើយនោះ ជនសង្ស័យ ឈ្មោះ Bisjawit Sarkar បានសារភាពថា គាត់លក់តម្រងនោមរបស់ប្រពន្ធគាត់ទៅឲ្យគ្លីនិកមួយ។ ប៉ុន្តែគេបានអះអាងថា ការលក់នេះ គឺជាការស្របច្បាប់ទាំងអស់ ដោយសារតែ Rita បានចុះហត្ថលេខាលើលិខិតយល់ព្រម។ ទោះជាយ៉ាងណា អ្នកស្រី Rita Sarkar បានបដិសេធយ៉ាងដាច់អហង្ការថា អ្វីដែលប្ដីរបស់នាងនិយាយនោះ មិនមែជាការពិតឡើយ ដោយនាងបានលើកឡើងថា មុនពេលទៅជួបវេជ្ជបណ្ឌិត នៅកុលកាតា នាងត្រូវបានគេឱ្យភេសជ្ជៈផឹក។ បន្ទាប់មក នាងមានអារម្មណ៍ងងុយគេង។ ចាប់តាំងពីពេលនោះមក នាងមិនបានដឹងអ្វីទាំងអស់ ហើយនាងមិនបានចងចាំពីការចុះហត្ថលេខាលើក្រដាសណាមួយនោះឡើយ៕