ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូជិតដល់ថ្ងៃ​ភ្ជាប់ពាក្យ​ បានដឹកគ្នាដើរលេង ហើយឃើញនារីបរទេសម្នាក់កំពុងកាន់ទូរស័ព្ទ ក៏រពឹសដៃឆក់​បានសម្រេច តែ​រត់​មិន​រួច ក៏ត្រូវ​អាវុធហត្ថ​ខណ្ឌ​ដេញ​រមាស់ដៃជើងដេញ តាំងពីផ្លូវលេខ៥១កែងនឹងផ្លូវលេខ២២២ រហូតដល់​ផ្លូវ៣៦០ កែង​នឹង​ផ្លូវលេខ៦៣ ទើបចាប់វាយខ្នោះបាន កាលពីវេលាម៉ោង១យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

មន្រ្ដីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា គូស្នេហ៍ដែលជាប់ពាក់ព័ន្ធនឹងករណីឆក់​ទូរស័ព្ទរបស់​ជនបរទេស​នោះ ទី១-ឈ្មោះ​ប៊ុន សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២៤ឆ្នាំ មុខរបរ​បើករថយន្ត​ទឹក​សុទ្ធ (ជា​អ្នកបើក​ម៉ូតូ និង​ជនដៃដល់) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ៨ ផ្លូវលំ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ និង​ទី២-ឈ្មោះ ​សុធា នេត្រា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ​លក់ដូរ (អ្នកជិះ​ពីក្រោយ) បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់​​បឹង​កេងកងទី៣ ខណ្ឌចំការមន។

ប្រភពព័ត៌មាន បានឲ្យដឹងថា ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ជាតិ​ដា​ណឺ​ម៉ាក ​ចំនួន៣នាក់(ប្រុសម្នាក់) ទើបនឹង​ចេញ​ពី​ក្លឹប​កម្យាន្ត 2nd ហើយ​ដើរ​តាម​បណ្តោយ​ផ្លូវលេខ៥១ ដើម្បីបម្រុង​ទៅ​ក្លឹប​កម្សាន្តមួយផ្សេងទៀត​។ ស្របពេលនោះ នារី​បរទេសម្នាក់ ក្នុងចំណោម​៣​នាក់ បាន​ដើរ​បណ្តើរ​ កាន់​ទូរស័ព្ទ​ចុច​លេងបណ្តើរ ដើម្បី​មើល​ទិសដៅ តាមប្រព័ន្ធ GPS ។ លុះពេលពួកគេដើរ​មកដល់​ចំណុច​ផ្លូវ​លេខ​៥១​កែង​នឹង​លេខ២២២ ស្រាប់​តែ​លេច​មុខ​យុវជនខាងលើបានបើកម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1GW​-3648 ​ដឹកសង្សាររបស់គេមកដល់ ហើយ​មក​អែបជិត​នារីបរទេស​ដែលកំពុង​កាន់​ទូរស័ព្ទនោះ។ ឃើញបែបនេះ ជន​សង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ បាន​ឆក់យក​ទូរស័ព្ទ​ពី​នារី​រងគ្រោះបានសម្រេច ហើយ​ព្យាយាម​បន្ថែម​ល្បឿន បើក​ម៉ូតូរត់គេចខ្លួន ទើបនារី​រង​គ្រោះបានស្រែកឆោឡោឡើង។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីឮសម្រែកឆោឡោបែបនេះ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ដែលកំពុង​ល្បាត ក៏បានដេញ​តាម​​ពីក្រោយ តាំងពីផ្លូវលេខ៥១កែងនឹងផ្លូវលេខ២២២ រហូតដល់​ផ្លូវលេខ៣៦០ កែង​នឹង​ផ្លូវលេខ៦៣ ទើប​​ឃាត់ខ្លួន​ជនសង្ស័យបាន​ទាំង២នាក់​ និង​ឆែកឆេររក​ឃើញ​ទូរស័ព្ទដៃ​របស់នារី​រងគ្រោះ​​ នៅក្នុង​កាបូប​របស់​នារីជាសង្សាររបស់ជនសង័្សយ។ នៅពេលឃើញមានភស្ដុតាងបែបនេះ សមត្ថកិច្ចបាន​សម្រេចខ្លួន​ នាំមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​​សាកសួរ។

មន្រ្ដីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីនាំខ្លួនទៅដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ជនសង័្សយ ​ឈ្មោះ​ប៊ុន សុវណ្ណ​រ៉ា បាន​សារភាពថា រូបគេ​ពិតជា​បានឆក់​ទូរស័ព្ទដៃ​ពី​នារី​រង​គ្រោះប្រាកដមែន។ ប៉ុន្តែសកម្មភាពនេះ គឺរូបគេធ្វើ​តែម្នាក់ឯង​ទេ ចំណែក​​សង្សាររបស់ខ្លួនដែលរួមដំណើរជាមួយ មិនជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ ហើយ​ពួកគេ​នឹងត្រូវ​ភ្ជាប់ពាក្យ​ជាមួយគ្នា នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ​ទៀតផង៕

https://2.bp.blogspot.com/-hMlefgp35xo/WrR5Y2lJV9I/AAAAAAAALGA/skOkFXXV2LUhHjQa5rFVF3tg0ynW4K1awCLcBGAs/s1600/f20c7943-687d-4499-96cc-0c28b9c7c3cb.jpg