ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរឆក់កាបូប៦នាក់ ​ឃាត់ខ្លួនបានតែម្នាក់ ចំនែកបក្ខពួករត់គេចខ្លួនអស់​ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧​​ និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២២៨ កែងនឹងផ្លូវលេខ៥១ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ ធូ តីមនិត ភេទប្រុស អាយុ ១៧ឆ្នាំ ​មុខរបរធ្វើសំណង់ ស្នាក់នៅភូមិជ្រោយអំពិល ឃុំជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ នៅ​ រតនា​ ភេទស្រី​ អាយុ​ ៤៨ឆ្នាំ​ មុខរបរមេ​ផ្ទះ​ ស្នាក់នៅ​ផ្ទះ​លេខ​៥៧​ផ្លូវ​១៦៣​ សង្កាត់​អូឡាំពិច​ ខណ្ឌ​ចំការមន មានស្រុកកំណើតនៅ​ភូមិ​កំពង់លាវ​ ស្រុកព្រៃវែង​ ខេត្ត​ព្រៃវែង​ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅតាមបណ្តោយផ្លូវ៣១០កែងផ្លូវ១៦៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ក៏បានប្រទះឃើញជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ ៣គ្រឿង ម៉ាកស៊ុយសុគីនិចមិនចាំស្លាកលេខ និង២គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ ដែល​ម៉ូតូហុងដាឌ្រីម ​ស៊េរី២០១៨ ជាអ្នកធ្វើសកម្មភាព ឆក់កាបូបស្ត្រីម្នាក់ ដែលទើបតែចេញមកពីស៊ីការគេ នៅវិមានចរណៃ បានជិះរ៉ឺម៉កម៉ូតូទៅផ្ទះនៅ​ក្បែរនឹងសាលាទួនហ្វា ។

ស្រាប់​តែជនសង្ស័យឆក់កាបូបពីលើម៉ូតូកង់បីបានសម្រេច ហើយជិះរត់គេចខ្លួន សំណាងល្អ​មានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញប្រទះឃើញ កំពុងតែឆក់ក៏ដេញតាមចាប់ប្រផាប់​ប្រផីង ទៅដល់ផ្លូវ២២៨កែងផ្លូវ៥១ចំណុចកើតហេតុ ខាងលើក៏ឃាត់បានម្នាក់ រីឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ស្រមោល ។

បើតាមសម្ដីរបស់ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅក្នុងកាបូបរបស់គាត់មានលុយចំនួនសរុបទាំងអស់ ២០០០ដុល្លារ ទូរស័ព្ទដៃ២គ្រឿងមួយគ្រឿងម៉ាកសាំងសុង និងមួយគ្រឿងទៀតម៉ាក iPhone 7 ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូឡាំពិក ចំនែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចបញ្ចូន់ខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីសួរនាំស្រាវជ្រាវរកបក្សពួកជាបន្តទៅទៀត ៕