ភ្នំពេញ​​ ៖​ នារីម្នាក់​ដែលត្រូវគេស្គាល់ថាជាអ្នកបំរើការនៅក្នុងហាងបារាំង​នោះ​ បានធ្វើអត្តឃាតដោយការចងក បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៦និង២០នាទីព្រឹក​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៨​ ដែលស្ថិតនៅខាងក្រោយសាលាខណ្ឌដូនពេញ​ តាមបណ្តោយផ្លូវលេខ១៣០​ ក្រុម៥​ ភូមិ១​ សង្កាត់ផ្សារកណ្តាល១​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​។

សពនារីរងគ្រោះឈ្មោះ​ សម្ភស្ស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ​ អ្នកក្រឡុកស្រាក្នុងហាងបារាំង​ ស្នាក់នៅផ្ទះជួលលេខ១២២E4ហ្សិត​ ផ្លូវលេខ១៣០​ សង្កាត់ផ្សារកណ្តាល១​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បើតាមសម្តីមិត្តភក្ដិនារីរងគ្រោះឈ្មោះ​ សិន​ លីនណា​ បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ នារីរងគ្រោះបានចេញពីធ្វើការ​ ហើយក៏មកបបួលរូបខ្លួនទៅផឹកស៉ី​ជាមួយ​ ពេលនោះ​ ខ្លួនបានប្រាប់ទៅនារីរងគ្រោះថា​ មិនមានលុយសម្រាប់ផឹកស៉ីនោះទេ។ ភ្លាមៗនោះ​ នារីរងគ្រោះក៏បានទូរស័ព្ទទៅបុរសម្នាក់​ ដែលគេស្គាល់ថាជាសង្សាររបស់នាង​ នៅពេលដែលទូរស័ព្ទទៅ​ ក៏និយាយមិនត្រូវគ្នា​ ហើយឈ្លោះប្រកែតគ្នាយ៉ាងខ្លាំងៗ​ ដោយបាននិយាយថា​ «ខ្លួនមានប្រពន្ធកូនហើយ​ ម៉េចបានមកស្រលាញ់ខ្ញុំទៀត»។

ក្រោយមក​ នារីរងគ្រោះក៏បានបោះទូរស័ព្ទដែលកំពុងតែនិយាយជាមួយបុរសជាសង្សារនោះចោល​ បណ្តាលឱ្យបែកខ្ទេច​ ហើយក៏ត្រូវបានឈ្មោះ​ សិន​ លីនណា​ ទៅរើសយកទូរស័ព្ទរបស់នារីរងគ្រោះមកវិញ​ និងបាននាំគ្នាចូលដេកទាំងអស់គ្នា។

បើតាមសម្តីមិត្តភក្ដិនារីរងគ្រោះបានបន្តទៀតថា​ នៅពេលដែលចូលដេកនោះ​ ស្រាប់តែឮនារីរងគ្រោះ​មិនដឹងថាធ្វើអ្វីទេ​ ដោយមានសំឡេង ២ទៅ៣ដង​ ។

លុះដល់ព្រឹកឡើងវេលាម៉ោង​ ៦និង២០នាទីព្រឹក​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០១៨​ ក៏បានប្រទះឃើញនារីរគ្រោះចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ​ រួចក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនឹងធ្វើកោសលវិច័យ​ និងបានប្រគល់សពនារីរងគ្រោះខាងលើទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕