ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ឃើញនាងក្រមុំចោមពង់ងូតទឹក នៅតាមមាត់ស្ទឹងតែម្នាក់ឯង ធ្វើឲ្យតណ្ហារបស់គេពុំកញ្ជ្រោលឡើង រហូតអត់ទ្រាំ​ពុំបាន ក៏ស្ទុះទៅចាប់រំលោភបានសម្រេច ហើយឃើញនាងមិនប្ដឹង ក៏ញ៉ាមសាកលបទៅចាប់រំលោភជាទី២ម្ដងទៀត ទើបនាងយករឿងរ៉ាវទាំងនេះទៅប្រាប់អាណាព្យាបាល ប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង០៩ និង៤៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។

លោកវរសេនីយ៍ត្រី តាន់ ​គារិទ្ធ អធិការស្តីទីនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈ​ដែលត្រូវសមត្ថកិច្្ចឃាត់ខ្លួននោះ ឈ្មោះ ឡុម សុរិន អាយុ១៩ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។ រីឯនារីរងគ្រោះ ឈ្មោះ ក រ​ អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំសន្រ្ទៃ ស្រុកភ្នំក្រវាញ។

ជនសង្ស័យជាប់ចោទពីបទចាប់រំលោភសេពសន្ថវៈ

បើតាមសម្ដីរបស់នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានទៅងូតទឹក នៅតាមមាត់ស្ទឹង​ នៅត្រង់ចំណុច​អូសមិត ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ បន្ទាប់ពីងូតទឹករួច គឺនៅវេលាម៉ោង០៥ និង៤៧នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨ នាងបានឡើងមកលើគោកវិញ ហើយផ្លាស់សម្លៀកបំពាក់ ស្រាប់តែលេចមុខជនសង្ស័យ មិនដឹងជា​ដើរមកពីទីណា បាន​ហក់​មក​សង្គ្រប់ចាប់អូសដៃនាងចូលក្នុងព្រៃ រំលោភសេពសន្ថវៈ រហូតបានសម្រេច រួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់។

នារីរងគ្រោះ​ បានបន្តថា បន្ទាប់ពីកើតមាននូវរឿងអាស្រូវបែបនេះហើយ នាងបានដើរត្រឡប់មកផ្ទះវិញ និងបានប្រាប់ឪពុកម្ដាយរបស់នាង​ តាមដំណើររឿងដែលបានកើតឡើង។ ក្រោយពេលដឹងរឿងរ៉ាវអស់សព្វគ្រប់ហើយ ឪពុកម្ដាយរបស់នាង​បាននាំនាងទៅដាក់ពាក្យបណ្ដឹង នៅក្នុង​ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសន្ទ្រែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ដល់រូបនាង។

លោកអធិការស្តីទីនគរបាលស្រុកភ្នំក្រវាញ បានបន្តថា ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចហើយ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ផង ទើបសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ និងស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនជនសង្ស័យ (ឈ្មោះ ឡុម សុរិន) បាន កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី​២០ ​ខែមីនា ឆ្នាំ២០១៨ នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។

លោកអធិការស្ដីទីនគរបាលស្រុកភ្នំក្រវាញ បានបន្តថា បន្ទាប់ពីចាប់ខ្លួនបាន ហើយនាំមកដល់អធិការដ្ឋាននគរបាលស្រុកភ្លាម ជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចថា រូប​គេពិតជាបានចាប់នារីរងគ្រោះរំលោភសេពសន្ថវៈប្រាកដមែន គឺរូបគេបានរំលោភនាងបានសម្រេច ចំនួន២ដង។

នារីរងគ្រោះទៅងូតទឹកនៅតាមមាត់ស្ទឹង ត្រូវជនសង្ស័យចាប់រំលោភ

ជនសង្ស័យ បានបន្តទៀតថា បើនិយាយឲ្យត្រង់ទៅ រូបគេ និងនារីរងគ្រោះធ្លាប់ស្រឡាញ់គ្នា ពីព្រោះពួកគេ គឺជាគូសង្សារនឹងគ្នា ទើបគេមានឱកាសរំលោភនារីរងគ្រោះបានសម្រេច រហូតដល់ទៅពីរដងបែបនេះ។ ដោយឡែកនារីរងគ្រោះវិញ បានបដិសេធយ៉ាងដាច់អហង្ការថា អ្វីដែលជនសង្ស័យ​បានឆ្លើយប្រាប់សមត្ថកិច្ចខាងលើ គឺមិនមែនជាការពិតឡើយ។

ក្រោយពេលទទួលបានចម្លើយសារភាព និងពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចហើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ​ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕