បរទេស៖ បុរសជនជាតិឥណ្ឌាម្នាក់ ទើបនឹងរៀបការថ្មោងថ្មីជាមួយនឹងនារីវ័យក្មេងម្នាក់ បានរយៈពេល៦ថ្ងៃ ប៉ុន្តែនៅពេលដឹងថា ប្រពន្ធ​របស់ខ្លួន ធ្លាប់មានគូកំណាន់ចិត្តរួចទៅហើយ ក៏សុខចិត្តលះបង់នាងឲ្យទៅរៀបការជាមួយនឹងសង្សាររបស់នាង ដោយអត់ស្ដាយ​ស្រណោះ។

យោងតាមគេហទំព័រ Odditycentral បានឲ្យដឹងថា បុរសចិត្តធម៌ ឈ្មោះ Basudep Tappo អាយុ២៨ឆ្នាំ មានដើមកំណើតនៅភូមិ Palmara រដ្ឋ Odisha ប្រទេសឥណ្ឌា បានរៀបការជាមួយនារីម្នាក់(មិនបញ្ចេញឈ្មោះ) អាយុ២៤ឆ្នាំ រស់នៅក្នុងរដ្ឋJharsuguda ប្រទេស​ឥណ្ឌា។ ពួកគេទាំង២នាក់​បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ពួកគេ ដោយមានសាច់ញាតិទាំងសងខាង ចូលរួមជួយឲ្យពរជ័យដល់គូស្វាមី​ភរិយាថ្មោងថ្មីទៀតផង។

ក្រោយពេលរៀបពិធីមង្គលការតាមប្រពៃណីរបស់ពួកគេបានរយៈពេល៦ថ្ងៃ បុរសជាប្ដីក៏បានដឹងថា ប្រពន្ធរបស់ខ្លួនធ្លាប់មានគូកំណាន់ចិត្តជាទី​ស្រឡាញ់របស់នាងយ៉ាងខ្លាំងរួចហើយ ធ្វើឲ្យបុរសជាប្ដីមានចិត្តអាណិតអាសូរ ហើយក៏មិនច​ង់ឲ្យពួកគេបែកបាក់គ្នាផង ទើបគេសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបើកផ្លូវឲ្យប្រពន្ធរបស់ខ្លួនបានរៀបការជាមួយនឹងសង្សារសំណព្វចិត្តរបស់នាង៕