បន្ទាប់ពីមានការបង្ហោះ ពីរូបភាពមួយចំនួន ដែលបង្ហាញពីសកម្មភាព ក្រុមនគរបាលមួយចំនួន បានពួនស្នាក់ចាប់ម៉ូតូ ឬរថយន្ត ដែលបើកខុសរួចមក លោកអគ្គស្នងការនគរបាលជាតិ បានព្រមានថា ចាប់ពីពេលនេះទៅ លោក​នឹងចាប់បញ្ជូន នគរបាលដែលបានប្រព្រឹត្តអំពើពុករលួយ និងនគរបាលដាក់កុងត្រួល ពួនស្ទាក់ផាកពលរដ្ឋ​យកលុយ​ខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ រកភស្តុតាងបន្ថែម រួចឲ្យតុលាការកាត់ទោស ទៅតាមច្បាប់។​

ការព្រមាននេះ បានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ នៅតាមនាយកដ្ឋាន និងស្នងការនគរបាល តាមខេត្តមួយចំនួន នាពេលកន្លងទៅនេះ។ លោកបានបន្ថែមថា ប្រធាននាយករដ្ឋានមួយចំនួន​ បានកាត់ប្រាក់របបពីមន្ត្រីថ្នាក់ក្រោម ​ដូចជា កាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត។ លោកក៏បានព្រមាន​ ដល់នគរបាលចរាចរណ៍ ដែលដាក់កុងត្រូលស្ទាក់ ផាកពិន័យយកប្រាក់ ពីពលរដ្ឋខុសច្បាប់ផងដែរ។​ នេះបើតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ​ ដែលបានផ្សាយកន្លងមកនេះ ។

​គេហទំព័ររបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានសរសេថា៖ «សម្រាប់មន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការ នៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ ឯកឧត្តមនឹងចាត់វិធានការ លែងឲ្យមានការអប់រំទៀតហើយ ពោលគឺមន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថ ឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរឹកកោសរុស ទារប្រាក់ ឬទទួលប្រាក់សូក ពីប្រជាពលរដ្ឋ ហើយត្រូវប្រើសំដីសំដៅ ឲ្យសមរម្យដាក់ប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ថា សម្រាប់បញ្ហាខាងលើនេះ បើនគរបាលធ្វើមិនបាន ឬ បើរកឃើញភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង»។