បរទេស៖ លោកវ៉្លាឌីមៀរ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៃសហព័ន្ធន៍រុស្ស៊ី ដោយទទួលបាន​សំឡងគាំទ្រចំនួន៧៦,៦ភាគរយ ហើយលោកនឹងនៅតែបន្តធ្វើជាប្រមុខរដ្ឋ នៃប្រទេសរុស្ស៊ី រយៈពេល៦ឆ្នាំបន្តទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍ CNN ​។

​លោក វ៉្លាឌីមៀរ ពូទីន ជា​អតីត​អ្នកស៊ើប​ការណ៏​របស់ KGB របស់អតីតសហភាពសូវៀត ហើយលោកបានលេចធ្លោ នៅក្នុងឆាក​នយោបាយ​ នៃសហព័័ន្ធន៍​រុស្ស៊ី ​អស់​​រយៈពេល១៨​ឆ្នាំ​មកហើយ។ ​លោក​លោក វ៉្លាឌីមៀរ ពូទីន គឺ​ជា​មេដឹកនាំ​រុស្ស៊ី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត ចាប់តាំងពី​​លោក​ Joseph Stalin ​មេដឹកនាំ​ផ្តាច់ការរបស់អតីតសហភាពសូវៀត។​

យោងតាមលទ្ធផលបណ្ដោះអាសន្ន លោក វ៉្លាឌីមៀរ ពូទីន ត្រូវ​គេ​រំពឹង​យ៉ាង​មុតមាំ​ថា ​លោកនឹង​ឈ្នះ​ការបោះឆ្នោត​អាណិត្ត​ទី៤របស់លោក ដោយសារ​​តែ​ការបោះឆ្នោត​ មិន​មាន​ការចូលរួម​ពី​បក្សប្រឆាំង និង​ដៃគូ​ប្រជែង​ដ៏មុតស្រួចរបស់​លោក គឺ​លោក Alexei Navalny ដោយពួកគាត់ត្រូវ​ហាម​​ចូលរួម​ប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៃសហព័ន្ធន៍រុស្ស៊ី​។​

ថ្វីបើលទ្ធផលមិនទាន់បានប្រកាសជាផ្លូវការក្ដី ប៉ុន្តែលោកប្រធានាធិបតី មានវ័យ៦៥​ឆ្នាំរូបនេះ បាន​ប្រកាស​ពី​ជ័យជម្នះ​របស់លោក នៅ​ចំពោះមុខ​អ្នកគាំទ្រលោក​រាប់ពាន់​នាក់ ​នៅ​ក្នុងតំបន់​ក្បែរ​វិមាន​​ក្រែម​ឡាំង ហើយ​លោកក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់រួបរួម​គ្នា គិត​ពីផលប្រយោជន៍ជាតិជាចម្បង។

លទ្ធផល​បោះឆ្នោត​ នៃការជ្រើសរើស​ប្រធានាធិបតីសហព័ន្ធន៍រុស្ស៊ី បាន​បង្ហាញថា លោក វ្ល៉ា​ឌឺ​មៀរ ពូ​ទីន ដែលជា​ប្រធានាធិបតី​បច្ចុប្បន្ន បានទទួល​សំឡេងគាំទ្រ​ពី​ប្រជាជន​ចំនួន ៧៦,៦ ភាគរយ ហើយ​ជា​សំឡេងគាំទ្រ​ច្រើនជាងគេ ក្នុងចំណោម​បេក្ខជន​ឈ្មោះ ៨​នាក់​។ តាមរយៈ​លទ្ធផល​ នៃការគាំទ្រ​នេះ លោក ពូ​ទីន នឹងត្រូវ​ដឹកនាំ​ប្រទេស ​រយៈពេល​៦​ឆ្នាំ​បន្តទៀត​ (២០១៨ ដល់​២០២៤) ស្របតាម​រដ្ឋធម្មនុញ្ញ នៃសហព័ន្ធ​ន៍រុស្ស៊ី ។

គួរ​បញ្ជាក់ថា លោក វ្ល៉ា​ឌឺ​មៀ ពូ​ទីន ជាប់ឆ្នោត​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី នៃសហព័ន្ធន៍​រុស្ស៊ី លើកដំបូង ​នៅ​ឆ្នាំ​២០០០ ដល់ ២០០៤ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៤ ដល់​២០០៨ (​ដោយសារ​ច្បាប់​ នៅ​រុស្ស៊ី​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​បានត្រឹមតែ​២​អាណត្តិ​) ពោលគឺនៅ​ឆ្នាំ​២០០៨​ដល់​២០១២ លោក ឌី​មី​ទ្រី ម៉េ​ដ​ម៉េ​ដេ​វ ក៏បានឡើងកាន់តំណែង​ប្រធានាធិបតី នៅ​ឆ្នាំ​២០១២ ដល់​២០១៨ (​ច្បាប់​រុស្ស៊ី កែប្រែ​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​បាន​៦​ឆ្នាំ​វិញ​) ទើប​លោក ពូ​ទីន ជាប់ឆ្នោត​កាន់តំណែង​ប្រធានាធិបតី​ជា​លើក​ទី​៣ មុននឹង​បន្ត​ឈ្នះ​អាណត្តិ​ប្រធានាធិបតី​លើក​ទី​៤​របស់លោក នាអាណត្តិនេះ ៕