ថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមជំនាញចាប់ពស់ បានរាយការណ៍មកថា មានពស់ថ្លាន់យក្ស ប្រវែង៧ម៉ែត្រ បានវារចេញពីហ្គារ៉ាសាំង ភីធីធី សំដៅទៅកាន់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងខ្លងលួងខេត្តប៉ាផុមថានី។ ក្រោយពីទទួលបានសេចក្តីរាយការណ៍រួចមក ក្រុមជំនាញចាប់ពស់ បានមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញពស់ថ្លាន់យក្សនោះ ប្រវែង៧ម៉ែត្រ ទំងន់១០០គីឡូក្រាម កំពុងរុំរឹតខ្លួនរបស់វា ។

បន្ទាប់មកក្រុមជំនាញក៏បានយកឧបករណ៍ ចាប់ពស់មកចាប់ និងសង្កត់ក្បាលវា ហៅបុគ្គលិកក្រុមហ៊ុន ភីធីធី ចូលមកជួយចាប់ ព្រោះដោយសារតែទំហំខ្លួនរបស់ពស់ថ្លាន់នោះ មានទំហំធំ ។

បុរសម្នាក់អាយុ៥០ឆ្នាំ ដែលជាសមាជិកក្រុមជំនាញចាប់ពស់ បានរៀបរាប់ថា មានក្រុមប្រជាពលរដ្ឋបានទូរស័ព្ទទៅប្រាប់ និងឲ្យមកជួយចាប់ពស់នោះ ហើយបើតាមការនិយាយ រៀបរាប់របស់គាត់បានប្រាប់ថា ពស់ថ្លាន់យក្សនេះ ជាពស់ដែលធំបំផុត ដែលរូបគាត់ពុំធ្លាប់បានជួប ជាង៣០ឆ្នាំមកនេះ ហើយក្រុមអ្នកចាប់ពស់នឹងយកវាទៅលែង នៅក្នុងព្រៃឲ្យរស់នៅ តាមធម្មជាតិរបស់វា ៕