ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុន Property Guru International ដែលមានមូលដ្ឋាននៅសិង្ហបុរី បានរៀបចំ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងរៀបចំឡើងនៅសណ្ឋាគារ Sofitel ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។

គណៈកម្មការវិនិច្ឆ័យឯករាជ្យនៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោកសន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate)  លោកSimon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោកសុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាងអាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia) ។

ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប ជាបេក្ខភាព ដែលលេចធ្លោជាងគេ ក្នុងកម្មវិធីនេះ ក្រោយពីបានឈ្នះពានរង្វាន់ ធំជាងគេប្រចាំឆ្នាំ គឺពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍន៍ដែលល្អជាងគេ” បីឆ្នាំជាប់ៗគ្នា ២០១៦ ដល់ ២០១៨ ។ ក្រៅពីពានរង្វាន់ដ៏ធំមួយនេះ គឺមានពានរង្វាន់ ៦ ផ្សេងទៀតដែល បុរី ប៉េង ហួត គ្រុប ទទួលបាន ព្រមជាមួយគ្នាដែរ ក្នុងចំណោមពានរង្វាន់ទាំងអស់រួមមាន៖

– ពានរង្វាន់ “ឌីហ្សាញស្ថាបត្យកម្មទេសភាព គម្រោងលក់រាយដែលល្អជាងគេ”
– ពានរង្វាន់ “ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ”
– ពានរង្វាន់ “ឌីហ្សាញផ្នែកក្នុងរបស់ខុនដូដែលល្អជាងគេ”
– ពានរង្វាន់ “”អភិវឌ្ឍខុនដូតម្លៃសមរម្យដែលល្អជាងគេ”
– ពានរង្វាន់ “គម្រោងអភិវឌ្ឍចំរុះដែលល្អជាងគេ”
– ពានរង្វាន់ “ទទួលស្គាល់ពិសេសក្នុងទំនួលខុសត្រូវសង្គម”

គណៈកម្មការឯករាជ្យបានមានប្រសាសន៍ថា៖ “បុរីប៉េងហួតគ្រុបស្ថិតក្នុងក្របខ័ណ្ឌរបស់ខ្លួនជាអ្នកច្នៃប្រឌិតឥតឈប់ឈរនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ក្នុងនាមជាអ្នកអភិវឌ្ឍដំបូងគេនៅក្នុងប្រទេសដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់លក្ខណៈសម្បត្តិរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនផងដែរថាក្រុមរបស់ខ្លួនបានយល់ដឹងច្បាស់ពីអំណាចនៃពាក្យសំដីវិជ្ជមាន។ រាល់គម្រោងទាំងអស់មិនថាលំនៅដ្ឋាន អាគារពាណិជ្ជកម្ម ឬការប្រើប្រាស់ចម្រុះទេបុរីប៉េងហួតទទួលបានការកោតសរសើរពីឧស្សាហកម្មនេះដោយលើកឡើងពីគុណភាពនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ការរៀបចំផែនការនិងការអនុវត្ត និងការគ្រប់គ្រងទីតាំង។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុបបានមានប្រសាសន៍ថា «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលថ្ងៃនេះ បុរី ប៉េង ហួត គ្រុប ឈ្នះពានរង្វាន់ដល់ទៅ ៧រង្វាន់ ជាពិសេស ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំឆ្នាំ២០១៨ ហើយក៏ជាជ័យជំនះ៣ឆ្នាំជាប់ៗគ្នា។» លោកឧកញ៉ាក៏បានមានប្រសាសន៍បន្តទៀតថា «យើងសូមអរគុណដល់សហការីទាំងអស់ នឹងជាពិសេស អតិថិជនរបស់បុរី ប៉េង ហួត គ្រុប ដែលតែងតែគាំទ្ររហូតមក ហើយសង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រ បុរី ប៉េង ហួត គ្រុប រហូតទៅ។ បុរី ប៉េង ហួត គ្រុប នឹងប្តេជ្ញាចិត្តថានឹងនាំមកនូវផលិតផលផ្ទះបែបប្រណិត និងថ្មីទំនើប បែបអរិយប្រទេស មកដល់ប្រទេសកម្ពុជាយើង។ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប មានការប្តេជ្ញាចិត្តថា កូនខ្មែរក៏អាចធ្វើបានដែរ។»

បុរី ប៉េង ហួត គ្រុប ត្រូវបានគេទទួលស្គាល់ទូទាំងតំបន់អាស៊ីថាជា ក្រុមហ៊ុនមួយដែលធ្វើឲ្យវិស័យសំណង់លំនៅឋាននៅកម្ពុជាមានការអភិវឌ្ឍទាំង គុណភាពសំណង់ និង ការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាគម្រោងមួយដែលគិតគូរពីបរិស្ថានធម្មជាតិ ៕