ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ បានចុះផ្សាយពីហេតុការណ៍ មិនគួរឲ្យជឿមួយ ដែលបានកើតឡើងនៅផ្ទះលេខ៣/១ ផ្លូវផុងយ៉ៃលេខ៣ ខេត្តនខនស៊ីផុងរ៉ាត់ ដោយបុរសចំណាស់ម្នាក់ អាយុ៧២ឆ្នាំ ជាអតីតចៅក្រម ក្នុងតុលាការប្រចាំខេត្តខាងលើ ដែលត្រូវជាកូនច្បងរបស់ម្ចាស់ផ្ទះ ដែលទុកចោលនោះ បាននាំបងប្អូនកូនចៅ សាច់ញាតិមកធ្វើបុណ្យ រំលឹកគុណឲ្យឪពុកម្តាយរបស់គាត់ ដែលចែកឋានទៅ។

បុរសម្នាក់ឈ្មោះ សេរី ដែលជាអ្នកជិតខាង ហើយត្រូវជាសាច់ញាតិផងនោះ បាននិយាយប្រាប់ថា កាលពីពាក់កណ្តាល យប់ម្សិលមិញ ខណៈពេលដែល គ្រប់គ្នាកំពុងតែត្រៀមរៀបចំ កន្លែងធ្វើពិធីបុណ្យខួប គំរប់៣ឆ្នាំ ស្រាប់តែមានធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្បែរនោះផ្ទះចាស់របស់ ឪពុកគាត់ដែលសាងសង់ពីឈើ បែបបុរាណមានកំពស់២ម៉ែត្រ។

ហើយបើគិតមកដល់ឥឡូវ មានអាយុកាលប្រហែល៨០ឆ្នាំហើយ ហើយផ្ទះនេះបានបិទទ្វារចោល អស់ជាង១០ឆ្នាំមកហើយ តាំងពីឪពុករបស់គាត់ មានអាយុ៨៥ឆ្នាំ ហើយម្តាយគាត់ មានអាយុ៧៥ឆ្នាំ ព្រោះម្តាយរបស់គាត់ បានស្លាប់មុនឪពុកគាត់១០ឆ្នាំ ។ បើតាមការរៀបរាប់របស់លោក សេរី ប្រាប់ថា ផ្ទះ១ខ្នងនេះ បានបិទទ្វារចោលយូរមកហើយ គ្មានកូនចៅណាមករស់នៅឡើយ ដោយអ្នកខ្លះចេញទៅធ្វើការ នៅកន្លែងផ្សេងៗគ្នាអស់ទៅ។

គាត់បានបន្តថា “នៅកណ្តាលយប់នោះ មានហេតុការណ៍គួរឲ្យព្រឺក្បាល និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលើកដំបូង គាត់បានឮសម្លេង ដូចជាមានមនុស្សដើរនៅលើផ្ទះនោះ ទៅមកៗ បន្ទាប់មកគាត់ក៏បាន ឮសម្លេងមនុស្សបុកម្លូស្លារ នៅក្នុងផ្ទះនោះទៀត ជាប់ៗគ្នាជាច្រើនដង ធ្វើឲ្យគាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏បានដាស់គ្នីគ្នា ឡើងទៅមើលផ្ទះនោះ ហើយបានប្រទះឃើញ បង្អួចផ្ទះនោះបើកចំហរចំនួន២ទៀតផង…។”

គាត់បន្តទៀតថា “កូនចៅទាំងអស់ បានព្យាយាមពិនិត្យមើល ហើយស្រាប់តែ សម្លេងបុកម្លូស្លារនោះ បានសំដៅមករកពួកគេ កាន់តែជិតឡើងៗ ព្រមៗគ្នាតែម្តង។ តាមការរៀបរាប់ របស់កូនក្មួយវិញ បាននិយាយថា សម្លេងទាំងនោះ គឺជាដួងវិញ្ញាណ របស់ឪពុកម្តាយពួកគេ ហើយពួកគាត់ពិតជា បានទទួលបុណ្យដែលកូនចៅ បានធ្វើឲ្យនោះ ហើយទាំងអស់គ្នាជឿថា ពួកគាត់ពិតជាបាន ត្រឡប់មកយកបុណ្យកុសល ដើម្បីត្រលប់ទៅចាប់កំណើត ជាពេលចុងក្រោយ” ។

ចំណែកឯអ្នកភូមិ ដែលរស់នៅក្បែរនោះ បានរៀបរាប់ថា កាលពីកូនចៅរបស់គាត់ មិនទាន់មកធ្វើបុណ្យប្រចាំឆ្នាំឲ្យផ្ទះនេះ អ្នកភូមិតែងតែសង្កេតឃើញ មានព្រឹត្តិការណ៍ប្លែកៗកើតឡើង ដូចជាមុនពេលធ្វើបុណ្យនេះប៉ុន្មានថ្ងៃ អ្នកភូមិបានជិះម៉ូតូកាត់ផ្ទះនោះ ស្រាប់តែសុខៗម៉ូតូរលត់ម៉ាស៊ីន ពីរបីដង ។

ចំណែកអ្នកភូមិខ្លះទៀត បាននិយាយថា គេបានឮសម្លេងនាឡិកាធំ ដែលទុកក្នុងផ្ទះនោះ រោទិ៍សម្លេង ខ្លាំងៗចេញពីផ្ទះនោះទៀតផង។ ប្រសិនបើគេគិត ពីអាយុរបស់ឪពុកបុរសខាងលើ កាលពីគាត់ស្លាប់ គឺមានអាយុ៨៥ឆ្នាំ ហើយមកដល់ពេលនេះ មានអាយុ៩៥ឆ្នាំ ហើយអ្នកស្រុក បាននាំគ្នាកាត់កន្ទុយលេខ ចាក់ឆ្នោតផ្អើលពេញភូមិ ស្រប់ពេលដែលឆ្នោតរង្វាន់ធំ ជិតចេញផងនោះ ៕

ប្រភពដកស្រង់ពី៖ សារព័ត៌មាន សៀងថៃ
ដោយ៖ សហការី KBN