ព្រះវិហារ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែ​ផល្គុន ឆ្នាំ​រកា​ នព្វស័ក​ ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមការរងារនៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្នុងអគ្គនាយដ្ឋាន កិច្ចការសាសនា របស់ក្រសួងធម្មការនិងសាសនា បានសហការជាមួយ មន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារ បានចុះមករៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ។

ក្នុងឱកាសនោះដែរ ក៏មានវត្តមានរបស់ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានចុះអប់រំដល់សិស្សានុសិស្សជាច្រើនរយនាក់ នៅវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ភូមិកំពង់ប្រណាក់ សង្កាត់ព្រះវិហារ ខេត្តព្រះវិហារ ឱ្យយល់ដឹពីតម្លៃនៃសីលធម៌ផ្ទាល់ខ្លួន និងសីលធម៌រស់នៅក្នុងសង្គម ពិសេសដាសតឿនយុវជនឱ្យស្គាល់ពីវប្បធម៌ដ៏បវររបស់ជាតិ ដើម្បីឈានដល់ការថែរក្សា ការពារឱ្យបានល្អប្រពៃ សាកសមជាជាតិសាសន៍មួយដែលមានភាពថ្លៃថ្នូរនិងឧត្តុងឧត្តមមន្លងមក ហើយក្នុងនោះឯកឧត្តម បានលើកឡើងចំៗដល់បញ្ហាប្រឈម ដែលយុវជនត្រូវចូលរួម ដោះស្រាយដោយខានពុំបាន ៕