ភ្នំពេញ ៖ ពិព័រណ៍«គ្រឿងបន្លាស់និងតុបតែងរថយន្តនៅប្រទេសថៃ២០១៨»ឬហៅថា TAPA 2018 រៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អន្តរជាតិ ដែលមានពាណិជ្ជករប្រហែល៥០០ក្រុមហ៊ុន មកពី១៣ប្រទេសនៅលើពិភពលោក ចាប់ផ្តើមនៅថ្ងៃទី ៥ដល់៨មេសា នៅសាលពិព័រណ៍BITEC នៃទីក្រុងបាងកក ចង់បានពាណិជ្ជករកម្ពុជាចូលរួម ដើម្បីបង្កើតកិច្ចសហការធ្វើពាណិជ្ជកម្មរួមគ្នានាពេលអនាគត។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ មីនា លោក ជីរ៉ាវុឌ្ឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មថៃប្រចំាស្ថានទូតថៃនៅកម្ពុជាមានប្រសាសន៍ថា៖« ពិព័រណ៍TAPA 2018 នៅថ្ងៃទី៥ដល់៧មេសា ឆ្នំា២០១៨ គឺជាថ្ងៃចរចាពាណិជ្ជកម្ម មានន័យថាជាថ្ងៃដែលគេស្វែងរកដៃគូពាណិជ្ជកម្ម។ ចំណែកនៅថ្ងៃទី៨មេសាគឺជាថ្ងៃដែលគេលក់រាយផលិតផលជូនដល់សាធារណៈជន»។

តាមលោកជីរ៉ាវុឌ្ឍ សុវណ្ណាអាត ថា ពិព័រណ៍ពាណិជ្ជកម្ម TAPA 2018 លើកទី៨នេះគឺចង់បានពាណិជ្ជករកម្ពុជាចូលរួមទស្សនា នឹងអាចបង្កើតកិច្ចសហការរួមគ្នារវាងពាណិជ្ជករថៃ និងកម្ពុជានៅថ្ងៃខាងមុខអាចបង្កើតជារោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅកម្ពុជា។
អគ្គទីប្រឹក្សាបញ្ជាក់ថា៖« អ្វីដែលសំខាន់ក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម TAPA 2018 នេះគឺចង់ឃើញពាណិជ្ជករកម្ពុជាបានទៅទស្សនានិងបានជួបជាមួយនឹងពាណិជ្ជករថៃធ្វើកិច្ចសហការជាមួយជាមួយគ្នាទាក់ទងទៅនឹងការផលិតគ្រឿងបន្លាស់រថយន្ត គ្រឿងតុបតែងរថយន្ត។ការដែលយើងរៀបចំពិព័រណ៍នេះ មិនមែនថាប្រទេសថៃមានបំណងតែនឹងនាំចេញនូវផលិតផលគ្រឿងបន្លាស់រថយន្តឬគ្រឿងតុបតែងរថយន្តមកកម្ពុជានោះទេ គឺយើងចង់ឃើញកិច្ចសហការរវាងពាណិជ្ជករទំាងពីរប្រទេស កម្ពុជា -ថៃ ក្នុងការបង្កើតជារោងចក្រផលិតបន្លាស់ និងគ្រឿងតុបតែងរថយន្តនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសថៃនិងប្រទេសផ្សេងទៀតនៅលើពិភពលោកនាពេលអនាគត»។

លោកបន្តថា ពិព័រណ៍ពាណិជ្ជកម្ម TAPA 2018 ខាងមុខនេះ នឹងមានពាណិជ្ជករចូលរួមចំនួន៥០០ក្រុមហ៊ុន សុទ្ធសឹងតែជារោងចក្រផលិត អ្នកនាំចេញ អ្នកចែកចាយ អ្នកម៉ៅការ អ្នកផលិត OEM ឬ REMមកពីប្រទេសថៃ តៃវ៉ាន់ វៀតណាម ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូណេស៊ី អ៊ីតាលី អាល្លឺម៉ង់ ចិន មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងរុស្សី និងមានការដាក់តំាងបង្ហាញផលិតផលនិងសេវាកម្ម ផ្នែកគ្រឿងបន្លាស់ OEM ឬ REM គ្រឿងបន្លាស់រថយន្ត ប្រេងរំអិល ផលិតផលនិងឧបករណ៍ជួសជុលគ្រឿងម៉ាស៊ីន រថយន្ត សេវាកម្មជួសជុល និងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាIT ។
ពិព័រណ៍គ្រឿងបន្លាស់និងតុបតែងរថយន្តនៅប្រទេសថៃ ឆ្នំា២០១៨ឬ ហៅថា TAPA 2018 រំពឹងថានឹងមានអ្នកចូលរួម ១០.០០០នាក់ មកពីជុំវិញពិភពលោក មានមកពីអាស៊ាន អាស៊ីខាងត្បូង អូស្ត្រាលី អាហ្វ្រិក អាមេរិកខាងត្បូង អឺរ៉ុប មជ្ឈិមបូព៌ា ចិន ជប៉ុន តៃវ៉ាន់ និងរុស្សី ។ម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ គេហទំព័រwww.tapafair.com/www.thailandautopartsfair.com ៕