ភ្នំពេញ៖ តៃកុងរថយន្ដដឹកប្រេង របស់ក្រុមហ៊ុនL.H.R សង្ស័យងងុយដេក បើករថយន្ដក្នុងល្បឿនលឿន រេចង្កូតក្រឡាប់ធ្លាក់ចូល ទៅក្នុងវាលស្រែ២-៣ត្រលប់ បណ្ដាលអោយតៃកុងរថយន្ដរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើង នៅចណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង៣ និង១០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះ ។

យោងតាមសម្ដីតៃកុងរថយន្ដ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើករថយន្ដដឹកប្រេង របស់ក្រុមហ៊ុន L.H.R ដោយដឹកប្រេងយក ទៅដាក់អោយម៉ូយនៅស្រុកស្អាង ខេត្ដកណ្ដាល ហើយក៏បានបើករថយន្ដ ត្រលប់ទៅកន្លែងវិញនៅអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើដំណើរតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូត ធ្លាក់ផ្លូវបណ្ដាលអោយ ក្រឡាប់២-៣ ត្រលប់ចូលទៅក្នុងវាលស្រែ បណ្ដាលអោយព្រួរងរបួសបន្តិចបន្តូច ចំណែកតៃកុងមិនបានរងរបួសទេ និងរងការខូចខាតរថយន្ដតែប៉ុណ្ណោះ ។ ចំណែកតៃកុង រថយន្ដមិនបានប្រាប់អត្ដសញ្ញាណនោះទេ ។

បើតាមសម្ដីប្រជាពលរដ្ឋបាននាំគ្នា និយាយថា សង្ស័យមកពីតៃកុងរថយន្ដងងុយដេក ហើយបើករថយន្ដក្នុងល្បឿនលឿន ទើបជ្រុលចង្កូតក្រឡាប់ ធ្លាក់ចូលទៅក្នុងស្រែបែបនេះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ ទីតាំងកើតហេតុ ហើយបានសួរនាំ ទៅតៃកុងរថយន្ដរួចក៏ត្រឡប់ទៅវិញ ដោយសារតែរថយន្ដក្រឡាប់នេះ បង្កដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្ដិរដ្ឋ និងបង្ករបួសដល់អ្នកដទៃ ទើបសមត្ថកិច្ចបានអោយតៃកុងរថយន្ដ ទាក់ទងទៅរករថយន្ដស្ទូច ដើម្បីយកទៅជួសជុល ដោយខ្លួនឯងវិញតែម្ដងទៅ ៕