រាជធានី​ភ្នំពេញ ៖ ការ​ភ្ញាក់ផ្អើល​មួយបាន​កើតឡើង​តាម​បណ្តឹង​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​ជា​ប្តី បាន​ចោទ​ភរិយា​របស់​ខ្លួន​ថា លួច​មាន​សហាយស្មន់​ជាមួយ​កូនប្រុស​ចិញ្ចឹម ហើយ​បាន​នាំ​គ្នា​មក​ដេក​នៅផ្ទះ​សំណាក់​​មួយ ​ឈ្មោះ «​ព្រៃ​» ។

ដោយសារ​តែ​បណ្តឹង​នោះ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ក៏​ត្រូវ​បាន​លើកគ្នា​ទៅ​ឡោម​ព័ទ្ធ​នៅផ្ទះ​សំណាក់​នោះ​វេលា​ទៀប​ភ្លឺ តែ​មិន​បាន​រក​ឃើញ​ស្ត្រី​ជាប់ចោទ​ដែល​ប្តី​បាន​ប្តឹង និង​បុរស​ជា​កូនចិញ្ចឹម​នោះ​ទេ ។ ដោយសារ​តែ​ព័ត៌មាន​នោះ​ ត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​ជំរុញ​ឱ្យ​អ្នកស្រី ថុ​ង គឹ​ម​សេង មាន​អាយុ​៤៤​ឆ្នាំ បាន​បង្ហាញ​វត្តមាន​របស់​អ្នកស្រីចំពោះ​មុខ​អ្នក​យក​ព័ត៌មាន ដោយ​បាន​បដិ​សេធ​យ៉ាង​ដាច់អហង្ការ​ ចំពោះ​ការ​ចោទប្រកាន់​របស់​លោក​ប្តី​មក​លើ​អ្នកស្រី​ ព្រមទាំង​បាន​ចោទ​តប​វិញ​ថា ប្តី​រូប​នោះ​បាន​ព្យាយាម​ធ្វើ​ឱ្យ​អ្នកស្រី​អាម៉ាស់ ព្រោះតែ​ចង់បាន​ទ្រព្យសម្បត្តិ ។

អ្នកស្រី ថុ​ង គឹ​ម​ហេង មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ​អ្នកស្រី​និង​ប្តី​រូប​នេះ មាន​បណ្តឹងសុំ​លែងលះ​គ្នា​នៅ​តុលាការ​៤​ខែ​មក​ហើយ គឺ​រង់​ចាំតែ​សាលក្រម​លែងលះ​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ និង​បច្ចុប្បន្ន​មិន​បាន​រស់នៅ​ជុំ​គ្នា​នោះ​ទេ កូនចិញ្ចឹម​នោះ​ក៏​គេ​មិន​បាន​នៅ​ជាមួយ​ដែរ ។ អ្នកស្រី​បាន​និយាយ​បន្ត​ថា ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​នោះ​ មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​រឿងរ៉ាវ​ចុះ​ផ្សាយ​ទាំងនោះ គឺ​ទទួល​បាន​ពី​ការ​និយាយ​បង្កាច់បង្ខូច​ពី​សំណាក់​ប្តី​រូប​នោះ ដែល​លែង​ជា​ប្តី​ប្រពន្ធ​រួច​ទៅ​ហើយ ។ អ្នកស្រី​ថា ប្តី​នេះ​នៅ​តែ​តាម​ចងពៀរ​និង​បាន​កាឡៃ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកស្រី ។ មន្ត្រី​ប៉ូលិស​សង្កាត់​ទួល​សង្កែ​ទី​១ ដែល​ត្រូវ​បាន​លើកគ្នា​ទៅ​កាន់​ផ្ទះសំណាក់ «​ព្រៃ​» មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ គឺ​បាន​ត្រឹម​ឈរ​យាម​ឱ្យ​មូស​ខាំ​ប៉ុណ្ណោះ រក​មិនឃើញ​ស្ត្រី​រូប​ណា​នាំ​ប្រុស​សហា​យមក​ដេក​នៅផ្ទះ​សំណាក់​តាម​បណ្តឹង​នោះ​ទេ ។

គួរ​បញ្ជាក់​ថា បុរស​ជា​មន្ត្រី​យោធា​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​ជា​ប្តីបាន​ចោទ​ភរិយា​ដែល​កំពុង​លែងលះ​គ្នា​នៅ​តុលាការ​ថា បាន​តាមដាន​ដឹង​ថា កូនប្រុស​ចិញ្ចឹម​នាំ​ប្រពន្ធ​គាត់​ទៅ​ដេក​ផ្ទះសំណាក់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច មក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ មីនា ។ តាម​ព័ត៌មាន​ពី​មន្ត្រី​យោធា​ពេទ្យ​រូប​នេះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​ជា​ពេទ្យ​យោធា មាន​ប្រពន្ធនិង​ស្នាក់​នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​អាត់​ក្រោមឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មានកូន​ប្រុស អាយុ​៦​ឆ្នាំ​កន្លះ និង​បាន​យក​ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ មក​ចិញ្ចឹម​ធ្វើ​ជា​កូនចិញ្ចឹម រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អាយុ​២៨​ឆ្នាំ​ហើយ ។

បុរស​ជា​ប្តី​ដែល​ចោទប្រកាន់​ប្រពន្ធ​បាន​សារភាព​ថា គាត់​ដឹង​មិន​ច្បាស់​ថា កូនចិញ្ចឹម​របស់​គាត់ លួចលាក់​ទាក់ទង​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​គាត់ តាំងពី​ពេល​ណា​មក​ទេ ប៉ុន្តែ​កន្លង​មកនេះ គាត់​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​របស់​គាត់​ឃើញ គួរ​ឱ្យ​សង្ស័យ ប៉ុន្តែ​បុរស​រូប​នេះ​មិន​បាន​បង្ហាញ​វី​ដេ​អូ​នោះ​ឡើយ ។ ចំពោះ​ការ​តាម​ចោទ​ប្រពន្ធ​រហូត​ផ្អើល​អ្នកកាសែត​គឺ​ជឿ​តាម​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​គាត់​អះអាង​ថា ជួល​ឱ្យ​តាម​មើល​ប្រពន្ធ​និង​កូនចិញ្ចឹម តើ​សហាយ​គ្នា​មែនឬ​អត់ ? ស្រាប់តែ​នៅ​យប់​កើតហេតុ អ្នក​រត់​ម៉ូតូឌុប​រូប​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ថា ឃើញ​ប្រពន្ធ​និង​កូនចិញ្ចឹម​នាំ​គ្នា​ចូល​ទៅ​ផ្ទះសំណាក់​«​ព្រៃ​» ។ បន្ទាប់​ពី​ដឹង​ហើយ​គាត់​បាន​មក​ដល់​ផ្ទះសំណាក់ និង​សុំ​ម្ចាស់ផ្ទះ​សំណាក់​ចូល​ទៅ​រក​មើល ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់ មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រុករក​ទេ ព្រោះ​មិនដឹង​ថា ប្រពន្ធ​ជាប់ចោទ​នោះ​នៅ​បន្ទប់​មួយ​ណា ឲ្យ​ពិតប្រាកដ ។ បើ​ចូល​ទៅ​ឆែកឆេរ​តាម​បន្ទប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​សម្រាក ។ សុំ​ឆែក​មិន​បាន​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ចុះ​មក​អន្តរាគមន៍ ។

តាម​ការ​សាកសួរ​មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​កាមេរ៉ា​ក៏​ដូច​ជា​ការ​រក​នៅ​វេលា​ព្រឹក រក​មិន​ឃើញ​តាម​ការ​ចោទប្រកាន់​នោះ​ឡើយ ។ អ្នក​តាមដាន​និយាយ​ថា មិន​មាន​ហេតុផល​ជុំវិញ​រឿង​សហាយស្មន់​តាម​ការ​ចោទប្រកាន់​នោះ​ទេ ធ្វើ​ឱ្យ​ប៉ូលិស​ហួសចិត្ត​ពេក​ក្រៃ ។

ខាងក្រោម​ជា​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​នេះ​ ៖