ចែករំលែក

ភ្នំពេញ៖ បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ហើយជនបង្កបាននាំគ្នាវាយប្រហារទៅលើលោក ស៊ុយ សារ៉េត នោះមក សមាជិក​ក្រុម​ប្រឹក្សា​​ នៃគណៈមេធាវី​របស់​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​ដាក់​ពាក្យ​ប្តឹង​ផ្លូវការ​ទៅកាន់​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​ទើបនឹង​បែកធ្លាយ​ដល់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា​ នេះ ដោយចោទប្រកាន់ជនបង្ក ពីបទប៉ុនប៉ងមនុស្សឃាត និងទាមសំណងជំងឺចិត្ត១ពាន់​លាន​រៀល។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់សមាជិក​ក្រុម​ប្រឹក្សា​​ នៃគណៈមេធាវី​របស់​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បានប្ដឹងចោទប្រកាន់​ក្រុម​ជន​បង្ក​ហិង្សា​លើ​លោក ស៊ុ​យ សា​រ៉េ​ត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្ន​ដទៃ ​ដោយ​ចេតនា​ប្រព្រឹត្ ត​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨។ នៅក្នុងពាក្យបណ្តឹង​ដាក់​ជូន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ក្រុម​ជន​បង្ក​ ដើម្បីនាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ចំនួន​មួយ​ពាន់​ពីរ​រយ​លាន​រៀល។

ទោះជាយ៉ាងណា រហូតមក​ទល់​នឹង​រសៀល​ ថ្ងៃ​ទី​១៣ ខែមីនា​ នេះ គេនៅមិនដឹង​ថា ​តើ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​ឬ​យ៉ាងណា​នោះ​នៅឡើយ ហើយគេក៍​មិនទាន់ដឹង​ថា សមត្ថកិច្ចមាន​ចំណាត់ការយ៉ាងណា នៅ​ក្នុង​ការ​ស្វែងរក​ក្រុម​ជន​បង្ក​ហិង្សា​នោះ​ នាំមកទទួល​ទោសតាមច្បាប់ ខណៈ​នេះ​ស្ថានភាព​ជំងឺ​របស់​លោក ស៊ុ​យ សា​រ៉េ​ត បាន​ធូរស្រាលបន្តិច​ ហើយ​រួច​ផុត​ពី​សេចក្តីស្លាប់និង​កំពុង​បន្ត​សម្រាក​ព្យា​បាល ​នៅ​ក្នុងមន្ទីរពេទ្យ នៃ​ប្រទេស​វៀតណាម នៅឡើយ។

គួរ​រំ​ឭកថា កាលពី​រសៀល ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ មនុស្ស​ជា​ច្រើន​នាក់បាន​នាំ​គ្នា​ដេញ​តាម​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ ម៉ាក GAC ដែល​ល្បី​ថា​បុក​មនុស្ស​ស្លាប់២​នាក់ តែ​មិន​ព្រម​ឈប់​។ បន្ទាប់ពី​ស្ទាក់រថយន្តនោះជាប់ ស្រាប់តែ​ក្រុមបង្កទាំងនោះប្រដាប់ដោយដុំថ្ម បាន​ព័ទ្ធវាយ​ប្រហារយ៉ាងសាហាវទៅលើម្ចាស់​រថយន្ត និង​កម្ទេច​រថយន្ត ដោយ​មិន​បាន​សួរនាំ​វែង​ឆ្ងាយ​ឡើយ​។ ក្រុម​ជនបង្ក​ដែល​វាយ​លើ​ម្ចាស់​រថយន្តនោះ បានអះអាង​ថា ជនរងគ្រោះបានបើករថយន្តបុក​មនុស្សស្លាប់ចំនួន២​នាក់ ហើយ​មិន​ព្រម​ឈប់ ដោយ​បន្ត​បុក​រះ​លើ​យានយន្តជា​ច្រើន​គ្រឿង​ទៀត​។

សេចក្តីរាយការណ៍​បាន​ស្រង់​សាក្សី​ថា ដើមហេតុ ​មាន​ម៉ូតូ​មួយ​ក្រុមបានបើកចេញពី​ហាង​ផឹកស៊ី​ នាពេលថ្ងៃត្រង់ ហើយបាន​រេ​ចុះ​ឡើងទៅ ប៉ះ​នឹង​រថយន្ត​របស់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត​។ ការ​ប៉ះពារ​នោះ មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​បក្សពួក​ខាង​ម៉ូតូ​​បាន​នាំ​គ្នា​ស្រែកទាំងកាយវិការច្រងេងច្រងាង​ឲ្យ​ជនរងគ្រោះឲ្យឈប់ ប៉ុន្តែដោយ​សារលោកបណ្ឌិត ស៊ុ​យ សា​រ៉េ​ត សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យកម្ពុជា មានការភិតភ័យ ទើបមិន​ហ៊ាន​ឈប់​ឡើយ ហើយ​ព្យាយាម​បើក​រថយន្តទៅរក​កន្លែង​មាន​សុវត្ថិភាព​សិន​។ ពេល​នោះ ស្រាប់តែ​ក្រុម​ជិះ​ម៉ូតូ បាន​នាំ​គ្នា​ស្រែ​កថា “​បុក​មនុស្ស​ស្លាប់​ហើយ​!!!” ឯ​អ្នកខ្លះ​ទៀត នាំ​គ្នា​ស្រែ​កថា “​ចិន​បុក​ខ្មែរ​ស្លាប់​ទៀត​ហើយ​”​។ ឮ​បែប​នេះ ​អ្នកធ្វើដំណើរតាមដងផ្លូវបាន​ជិះ​ម៉ូតូ​ដេញ​តាម​កាន់តែ​ច្រើន ហើយ​ស្រែក​ពេញ​ផ្លូវ​ថា​ រថយន្ត​នោះ​បុក​មនុស្ស​ស្លាប់។ រីឯ​ម្ចាស់​រថយន្តកាន់តែ​ភិតភ័យ​ខ្លាំង ឡើង ហើយ​ព្យាយាម​បើក​រត់​បន្ត រហូត​ប៉ះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​ម្នាក់​។

សេចក្ដីរាយការណ៍ដដែល បានបន្តថា​ ស្រប​ពេល​កំពុង​ដេញ​តាម​នោះ ក៏មាន​សារព័ត៌មាន​មួយ​ចំនួនបានដេញ​តាម និង live ទៅលើគេហទំព័័ររបស់ខ្លួន ខណៈកំពុង​ដេញ​រថយន្ត​ដែលចោទថា ​បុក​មនុស្ស​ស្លាប់ ២​នាក់​។ ម្ចាស់​រថយន្ត​បាន​បើក​តាំងពី ខណ្ឌឫស្សីកែវ រហូត​ទៅ​មុខ​លែង​រួច ​នៅ​ចំណុចផ្លូវ​លេខ១៥៦ កែង​នឹងផ្លូវលេខ២៦៥ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។ ភ្លាមៗនោះ ក្រុមជនបង្កប្រដាប់ដោយដុំថ្ម បាននាំគ្នាព័ទ្ធរថយន្តរបស់ជនរងគ្រោះ និងវាយប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ស្ទើរតែបាត់បង់ជីវិត។ ក្នុងពេលនោះ​ដែរ ជនបង្កខ្លះបានហក់ឡើងទៅទន្រ្ទាំ និងវាយកម្ទេចរថយន្តរបស់ជនរងគ្រោះ ធ្វើឲ្យខូចខាតយ៉ាងដំណំ។

សេចក្ដីរាយការណ៍ដដែល បានបន្តថា នៅពេលនោះ បើទោះជាម្ចាស់​រថយន្ត​ចង់​និយាយ​យ៉ាងណា ប៉ុន្តែជនបង្កនៅតែ​ព្រួត​វាយ និងយឥដ្ឋគប់​កញ្ចក់រថយន្ត​យ៉ាង​ព្រៃផ្សៃ​។ ចំណែក​ដៃ​ម្ខាង ត្រូវ​បិទ​កៀប​ជាប់នឹង​រថយន្ត​យ៉ាង​សង្វេគ​។

ទោះជាយ៉ាងណា​ បន្ទាប់ពីកើតមាននូវអំពើហិង្សាយ៉ាងសាហាវដែលផ្ដើមឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍នោះមក នៅពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ស្វែងរកមុខ​សញ្របស់ញា​អ្នក​បង្ក​ហិង្សា ដើម្បីនាំមក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់។ ករណីនេះ លោក​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និងជាស្នងការនគរបាលជាិត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​ ដើម្បីនាំមក​ដាក់ទោសតាមច្បាប់ ពីព្រោះ​សកម្មភាព​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ហើយវាបានបង្ហាញ​ពី​ការ​បង្កនូវ​អសន្តិសុខ នៅក្នុង​សង្គម​៕