ចែករំលែក

សិល្បៈ៖ បន្ទាប់ពីអ្នកនាង អម្ពរ ទេវី មានវត្តមានជាថ្មីលើវិថីសិល្បៈខ្មែរ បានធ្វើឱ្យអ្នកកាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលអ្នកនាងបានផ្អាកពីសិល្បៈ និងទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកយីរឆ្នាំណាស់មកហើយ ។

ជាមួួគ្នានេះដែរ កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ ពោលគឺអ្នកនាង អម្ពរ ទេវី ទើបតែមកដល់ស្រុកខ្មែរមិនទាន់បានប៉ុន្មានផង អ្នកនាងក៏បានបង្ហាញមុខនៅលើឆាកតន្ត្រី ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីរាយនៅក្រុង​បាត់ដំបង ពេលអ្នកនាងទៅ ក្រុងពាលី​ដើម្បី​ថតរឿងភាគ​ «ឆន្ទា​» ។

សម្រាប់សម្មភាពខាងលើនេះ ទើបតែត្រូវបានទម្លាយមុននេះ ដោយគណនីហ្វេសប៊ុកឈ្មោះ «Sam Meas» ព្រមទាំងបានសរសេរថា «តារាភាពយន្ត​ខ្មែរ​ដ៏ល្បីល្បាញ​គឺ​លោកស្រី​ អម្ពរ ទេវី​ បានអញ្ជើញឡើងច្រៀងកំសាន្ត នៅក្រុង​បាត់ដំបង​កាល​ពីចុង​ខែកុម្ភៈ ​ឆ្នាំ​២០១៨​នេះ​ ពេលលោកស្រី​ទៅធ្វើ​ក្រុងពាលី​ដើម្បី​ថតរឿងភាគ​ «ឆន្ទា​» ។ លោកស្រី​បានច្រៀងបទ​ «ឈប់ស្រឡាញ់អូនទៅ» ។ ខ្ញុំ​នៅចាំបានច្បាស់ថា​ គាត់​ចូលចិត្ត​ច្រៀង​បទនេះលេងណាស់​ ពេលខ្ញុំនិងគាត់ចេញទៅថតរឿងនៅកន្លែងខ្លះហើយពេលសម្រាក​ គាត់​ច្រៀង​លេង​ដោយគាត់ភ្លេចប៉ារ៉ូលខ្លះៗ​ ខ្ញុំតែងជួយបោះប៉ារ៉ូលឲ្យគាត់(ឆ្នាំ​១៩៩២)​😂។ ពេលទំនេរ​ពេលយប់ ពួកយើងចូលទៅកំសាន្តនៅ​រង្គសាល​ ឆ្នេរទន្លេ​ ជិតវត្តភ្នំ​ ហើយគាត់ឡើងច្រៀងបទនេះទៀតផង…!!» ។

ប្រភពបានបន្តថា «លុះដល់ឆ្នាំ 1999 ខ្ញុំ​បានធានាគាត់និងលោក​ យុត្ថារ៉ា​ ឆានី​ ទៅសម្ដែង​នៅទីក្រុង​ អូកគ្លេន​(Auckland)ប្រទេស​ញីវហ្សៀឡែន​( New Zealand 🇳🇿-ព្រោះកាលណោះខ្ញុំបានចេញទៅរស់នៅ​ New Zealand ឆ្នាំ​ 1995)​ លោកស្រី​ក៏​បានលើកយកបទចម្រៀងនេះ​មកច្រៀង​សម្តែង​លើឆាកផងដែរ​(​ម្ចាស់​ដើម​នៃបទគឺ​រាជិនី​សំឡេង​មាស​ រស់ សេរីសុទ្ធា​)…។ លោកស្រី​ក៏​មានបទផ្ទាល់របស់គាត់ពីរបទផងដែរ​ ដែលនិពន្ធដោយខ្លួនគាត់ផ្ទាល់មួយបទ​ តាមលំនាំ​បទភ្លេង​ដើម​អាមេរិក​ សម្រួលតន្ត្រីដោយលោក​ សួង​ ពុទ្រា​(​អតីត​បងថ្លៃ​គាត់​)និងបទទី២​ «ថើប» និពន្ធ​ដោយ​កវីម្ចាស់ស្ទឹងសង្កែរ​ គង្គ ប៊ុនឈឿន​ ក្រោមការជួយ​ជ្រំជ្រែងពីលោក​ ខេមរា​ តុលា​(ហៅបងតុ)។ បទទី១​របស់​គាត់​ច្រៀង​ឲ្យ​ក្រុមហ៊ុន​ ហង្សមាស​ តែខ្ញុំ​ភ្លេច​ចំណងជើងបទនោះហើយ​ គាត់​ច្រៀង​បទនោះក្នុងឆ្នាំ​ 1998 បានល្អ​ណាស់ ដូចអ្នកចម្រៀង​អាជីព​អុីចឹង​ណា…(ឆ្នាំ​នេះ​គាត់​មាន​វ័យ​ 49ឆ្នាំ​ហើយ​)» ។

សូមបញ្ជាក់ថា អ្នកស្រី អម្ពរ ទេវី ជាតារាសម្តែងរបស់ខ្មែរយ៉ាងសកម្មនៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០។ ក្នុងរយៈពេលនៃអាជីពរបស់នាង នាងបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន ។ នៅ ក្នុង ឆ្នាំ ១៩៨៨ អ្នកនាងត្រូវបានចាប់ដៃគូសម្ដែងជាមួយលោក សម វិជ្ជា តែក្រោយមក បន្ទាប់ពីលោក សម វិជ្ជាស្លាប់បាត់នៅក្នុងឆ្នាំនោះ អ្នកនាង អម្ពរ ទេវី ត្រូវបានគេផ្គូរជាមួួយតារាសម្តែងដ៏ល្បីឈ្មោះគឺលោក ទេព រិន្ទដារ៉ូ ៕
សហការី KBN