ចែករំលែក

កាលពីប៉ុន្មានម៉ោងមុននេះ កូនស្រីរបស់លោក ស៊យ សារ៉េត គឺកញ្ញា សារ៉េត សុផាធិតាពេជ្រ បានប្រគល់សិទ្ធិស្របច្បាប់ ទៅឲ្យលោកមេធាវី ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ លោកអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ជួន សុវណ្ណ ។

នៅក្នុងកម្មវត្ថុរបស់លោកមេធាវី ដែលសរសេរទៅកាន់ ឯកឧត្តមជួន សុវណ្ណ បានសុំប្តឹងពីក្រុមជនបង្កមួយក្រុម (មានវីដេអូសកម្មភាព និងរូបថតជូនភ្ជាប់មកជាមួយ) ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងធ្វើមនុស្សឃាត អំពើរហឹង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ។

នៅក្នុងលិខិតផ្លូវការ របស់លោកមេធាវី បានសរសេរទៀតថា កាលពីថ្ងៃទី១១ ខែមិនា ២០១៨ ខណៈពេលដែលលោកបណ្ឌិត ស៊ុយ សារ៉េត កំពុងបើកបររថយន្តមកដល់ចំណុចវត្តទួល ស្ថិតក្នុងខណ្ឌឬស្សីកែវ ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំង បានដួលម៉ូតូក្បែររថយន្តរបស់គាត់ ពេលនោះស្រាប់តែមានក្រុមជនបង្កមួយក្រុម បាននាំគ្នាស្រែកឡើងថា “គាត់បានបុកគេស្លាប់” និងបានស្រែកគំរាមវាយប្រហារមកលើគាត់ បណ្តាលឲ្យគាត់មានការភិតភ័យ ក៏សម្រេចចិត្តបើករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីរកកន្លែងសុវត្ថិភាព ចំណែកក្រុមជនបង្កបាននាំគ្នាស្រែក កាន់តែខ្លាំងថា “គាត់បានបុកគេស្លាប់ ហើយរត់គេចខ្លួន” និងបានបើកម៉ូតូតាមរថយន្តរបស់គាត់ យ៉ាងប្រកៀកប្រកិតបំផុត ។

ប៉ុន្តែពេលរថយន្តរបស់គាត់ បានមកដល់ចំណុចពេទ្យលោកសង្ឃ គាត់ក៏បានបាត់បង់ភាពម្ចាស់ការ ដោយសារតែភ័យខ្លាច ទើបធ្វើឲ្យគាត់បានជ្រុលចង្កូត កៀម៉ូតូអ្នកដំណើរម្នាក់ ឲ្យដួលបណ្តាលឲ្យមានរបួស តែដោយសារការទទួលខុសត្រូវ គាត់ក៏បានឈប់រថយន្ត បំណងចុះទៅមើលអ្នករបួស ស្រាប់តែក្រុមជនបង្ក បានតាមទាន់រថយន្តរបស់គាត់ ហើយបានប្រព្រឹត្តអំពើហឹង្សាទៅលើគាត់ និងរថយន្តរបស់គាត់យ៉ាងសាហាវ ឃោរឃៅជាទីបំផុត ដោយអ្នកខ្លះ បានប្រើប្រាស់មួកសុវត្ថិភាព ដុំថ្ម និងសម្ភារៈផ្សេងទៀត ធ្វើជាមធ្យោបាយដើម្បីវាយប្រហារមកលើគាត់ ។

រីឯខ្លះទៀតបានប្រើដៃ ជើង វាយទាត់ធាក់មកលើគាត់ បណ្តាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ អាចនិងប៉ះពាល់ដល់អាយុជីវិត (បច្ចុប្បន្នកំពុងតែទទួលការ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម) ជាងនេះទៅទៀត រថយន្តរបស់គាត់ បានខូចខាតស្ទើរទាំងស្រុង រីឯទូរស័ព្ទដៃ និងកាបូបលុយដែលមានប្រាក់ជិត ៣ពាន់ដុល្លារសហរដ្ឋអាមេរិក ក៏បានបាត់បង់នៅពេលនោះផងដែរ ។

អំពើនិងសកម្មភាពរបស់ក្រុមជនបង្កមួយក្រុមនេះ បានបង្ហាញឲ្យឃើញថា៖ ទី១.ពួកគេមានចេតនាទុច្ចរឹតបង្ក ឲ្យមានចលាចលក្នុងសង្គម បង្កើតឲ្យមានការភ័យខ្លាចដល់ម្ចាស់រថយន្តដទៃទៀត។ ទី២ ពួកគេមានចេតនា ទុច្ចរិតបង្កឲ្យមានអសន្តិសុខក្នុងសង្គម ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌ដ៏ល្អផូរផង់ របស់សង្គមជាតិទាំងមូល ។

ទី៣ ពួកគេកំពុងតែប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ដោយខុសច្បាប់ ប្រើប្រាស់នូវការឈើឆ្អាលចំពោះអ្នកដទៃ ធ្វើជាលេសដើម្បីធ្វើសកម្មភាពរំលោភលើសិទ្ធិស្របច្បាប់ របស់អ្នកដទៃ រំលោភលើការអនុវត្តច្បាប់ រំលោភលើសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងរំលោភលើអំណាចយត្តាធិការផងដែរ ។ ទី៤ ពួគេមានចេតនាទុច្ចរឹតបង្កឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿទុកចិត្តលើការគ្រប់គ្រង របស់រដ្ឋាភិបាល បង់បង់ជំនឿទុកចិត្តលើសមត្ថភាពរបស់សមត្ថកិច្ចគ្រប់ប្រភេទ រួមទាំងធ្វើឲ្យបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធតុលាការផងដែរ។

ទី៥ ពួកគេមានចេតនាប៉ុនប៉ងសម្លាប់អ្នកដទៃ ប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងប្រព្រឹត្តអំពើលួចយកទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនាផងដែរ ដែលគប្បីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

នៅក្នុងលិខិតបណ្តឹងនោះផងដែរ លោកមេធាវីជនរងគ្រោះ ក៏បានសំណូមពរ ទី១ សុំស្រាវជ្រាវអំពីសាវតារបស់ក្រុមជនបង្ក ដើម្បីស្វែងរកចាប់ខ្លួនឲ្យមកទទួលខុសត្រូវ ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ទី២ សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និងសំណងជំងឺចិត្ត សរុបចំនួន ១.២០០.២០០.០០០ (មួយពាន់ពីរយលានរៀល) ៕