ចែករំលែក

ខេត្តកំពង់ធំ៖ បុរសម្នាក់បានបំពក់ភ្នក់ភ្លើង ដេញមូសមិនឲ្យខាំគោ ហើយភ្លេចមើល ធ្វើឲ្យភ្លើងខ្ទាតទៅប៉ះឆ្នឹមចំបើង បង្កឲ្យកើតមានគ្រោះអគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ រាលដាលដល់ផ្ទះទាំងមូល កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​​ក្នុងភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយណ៍។

មន្រ្ដីនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ មានបណ្ដោយប្រវែង១១ម៉ែត្រ និងទទឹងប្រវែង៧ម៉ែត្រ ធ្វើពី​ឈើ​ប្រក់​ក្បឿង​ ផ្នែក​ក្រោម​រៀប​ឥដ្ឋមាន​ម្ចាស់ ​ឈ្មោះ ទឹម ឡូត អាយុ​៤៦​ឆ្នាំ និង​មានប្រពន្ធ​ ឈ្មោះ ឈាង ឡ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល​។ ក្រៅពីបំផ្លាញផ្ទះទាំងមូលនោះ គ្រោះអគ្គិភ័យនេះបានបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើន​ និងស្រូវនៅក្នុងជង្រុក​ មានទម្ងន់​៤​តោន។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ ម្ចាស់ផ្ទះបានបំពក់ភ្នក់ភ្លើង ដើម្បីដេញមូូសកុំឲ្យខាំគោ។ លុះពេលម្ចាស់ផ្ទះភ្លេចមើល ភ្លើងបានខ្ទាតទៅប៉ះឆ្នឹមចំបើង បង្កឲ្យកើតមាននូវគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះទាំងមូល។ ឃើញហេតុការណ៍បែបនេះ អ្នកភូមិបាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​​​ ដងទឹកជះ​ពន្លត់​ដែរ តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។ លុះ​បន្តិចក្រោយ​មក សមត្ថកិច្ចបានបើករថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​អធិការដ្ឋាននគរបាល​ស្រុក​ទៅ​​ជួយ​បាញ់ទឹក​ពន្លត់ មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​ដទៃ​ទៀត។

មន្ត្រីនគរបាលដដែល បានបន្តថា​ ក្នុងហេតុការណ៍នោះ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍​ ក៏បានដឹកនាំ​កម្លាំងសមត្ថកិច្ច​ជាង​១០​នាក់ ទៅចូលរួម ដោយប្រើប្រាស់​ទឹក​អស់​ចំនួន​៨​រថយន្ត។ ទោះជាយ៉ាងណា នៅក្នុងហេតការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ ដោយឡែកទំហំ នៃការខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននោះ គឺសមត្ថកិច្ចមិនបានដឹងឡើយ៕