បុរសម្នាក់ បន្ទាប់ពីប្រើប្រាស់ថ្នាំញៀន មួយកញ្ចប់៥ម៉ឺនរៀល ហួសកំរិតធ្វើឲ្យវងេ្វងរង្វាន់ បាត់ស្មារតីបែកថ្នាំ លោតចូលរណ្តៅដី ដែលគេជីកបណ្តុះសសរគ្រឹះផ្ទះ ពីមួយទៅមួយ ស្រែកឡូឡា កាយរកប្រពន្ធរបស់ខ្លួន ដោយសំលៀកបំពាក់ ប្រឡាក់សុទ្ធតែភក់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយ នៅខាងត្បូងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ បុរសខាងលើ បានប្រាប់នគរបាលថា ខ្លួនឈ្មោះ ប៊ន វាសនា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន ពីប្រពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ ដើរមកដល់កន្លែងការដ្ឋានសំណង់ខាងលើ ហើយបានដើរចូលរណ្តៅដី ដែលគេជីក ដើម្បីចាក់បណ្តុះសសរ ហើយបុរសនោះដើរចូលក្នុងរណ្តៅ នៅទៅនោះកាយពីមួយរណ្តៅ ទៅមួយរណ្តៅ ដោយខោអាវប្រឡាក់ សុទ្ធតែដីឲ្យស្រម៉ក ក្រោយមកក៏មានប្រជាពលរដ្ឋផ្សេងទៀ តរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ហើយបុរសនោះបានប្រាប់ថា ខ្លួនកាយដើរកប្រពន្ធ។

បុរសនោះបានបន្តថា ខ្លួនបានតាមនាងរហូត ហើយមកបាត់នៅកន្លែងហ្នឹង ដោយឃើញសភាពមិនសូវស្រួល នគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ ក៏នាំខ្លួនបុរសនោះ ទៅកាន់ប៉ុស្តិ៍ហើយធ្វើការសួរនាំ ដោយរាងស្វាងបន្តិច ហើយទើបបុរសនោះ សារភាពប្រាប់ថា ខ្លួនមានទីលំនៅនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ហើយមូលហេតុដែលបណ្តាល ឲ្យខ្លួនមកដល់ភ្នំពេញនេះ គឺមកដើរលេង និងច្រៀងខារ៉ាអូខេម្នាក់ឯង ហើយបន្ទាប់មកក៏បានជក់គ្រឿងញៀន មួយថង់តូចតំលៃ៥ម៉ុនរៀល ក៏បណ្តាលឲ្យក្លាយជាបែបនេះតែម្តង។

ក្រោយពីសាកសួរនគរបាល បានឃាត់ឲ្យបុរសខាងលើ នៅប៉ុស្តិ៍សិន រងចាំទាក់ទងសាច់ញាតិ ឲ្យមកយកត្រឡប់ទៅវិញ៕​