ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ចាក់សាំងលក់ឲ្យអតិថិជនក្បែរចង្ក្រានដែលកំពុងដាំបាយ ធ្វើឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះ បង្កឲ្យម្ចាស់ និងអ្នកភូមិភ័យស្លន់ស្លោ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប។

មន្រ្ដីនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័័យភ្លើងឆេះនោះ មានទំហំ៤ម៉ែត្រគុណនឹង១២ម៉ែត្រ ធ្វើអំពីឈើជញ្ជាំង និងដំបូលស័ង្កសីជាកម្មសិទ្ធិរបស់ឈ្មោះ នាង សេត ភេទស្រី អាយុ៦៦ឆ្នាំ មានមុខរបរលក់ចាប់ហួយ រស់នៅភូមិបែក​ចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រៅពីឆេះអស់ផ្ទះទាំងមូលនោះ អគ្គិភ័យនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន រួមមានម៉ូតូ២គ្រឿង ម៉ាក់វ៉េវ កង់២គ្រឿង ស្រាបៀរជាង៦០កេស សាំង២កាន ម៉ាស៊ូត២កាន មាស៧ជីនិង៥ហ៊ុន លុយខ្មែរ២លានរៀល លុយអាមេរិក២០០ដុល្លារ និងអីវ៉ាន់លក់ចាប់ហួយមួយចំនួនទៀត។ នៅក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យក្មេងស្រីម្នាក់ ឈ្មោះ អោប ស្រីពេជ្រ រងគ្រោះរលាកជើងទាំងសងខាង។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលមាននូវគ្រោះអគ្គិភ័យនោះ ចៅស្រីរបស់ម្ចាស់ផ្ទះ ឈ្មោះ អោប ស្រីពេជ្រ អាយុ១៣ឆ្នាំ បានលាងឆ្នាំដាក់ដាំបាយ។ លុះបន្តិចក្រោយមក អតិថិជនម្នាក់បានមកទិញសាំង ទើបនាងបូមសាំងច្រកក្នុងថង់លក់ឲ្យគេ ស្រាប់តែភ្លើងឆាបឆេះមកលើសាំងដែលកំពប់ក្បែរចង្ក្រានយ៉ាងសន្ធោសន្ធៅ រាលដាលឆាបឆេះផ្ទះតែម្ដង។

ប្រភពព័ត៌មានដដែល បានបន្តថា​ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើងភ្លាម សមត្ថកិច្ច និងអ្នកភូមិបានខិតខំព្យាយាមជួយពន្លត់ដែរ តែមិនអាចជួយបាន ពីព្រោះអីវ៉ាន់ចាប់ហួយ គឺងាយនឹងឆេះណាស់។

ជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀង ក៏បានអំពាវនាវឲ្យពលរដ្ឋនៅទូទាំងខេត្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ពីព្រោះនៅពេលនេះជារដូវប្រាំង គឺវាងាយនឹងឆាបឆេះខ្លាំងណាស់៕