ចែករំលែក

ប្រទេសថៃ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានអ្នកទោស២នាក់ បានរត់ចេញពីមន្ទីរឃុំឃាំង ស្ថិតក្នុងខេត្តណាន ភាគខាងជើងប្រទេសថៃ ខណៈពេលដែលប៉ូលិស នាំខ្លួនពួកគេទៅស្តាប់ការជំនុំជំរះក្តី នៅតុលាការខេត្ត ស្រាប់តែឃើញឱកាសល្អ អ្នកទោសម្នាក់បានរត់ចេញ ទាំងជើងជាប់ច្រវ៉ាក់ ហើយរត់ចូលទៅក្នុងវត្តមួយកន្លែង ឃើញដូច្នេះ អ្នកទោសម្នាក់ទៀត ក៏បានរត់ដូចអ្នកទោសម្នាក់មុនដែរ តែប៉ូលិសចាប់បានមកវិញ ។

ទោះជាយ៉ាងណា អ្នកទោសទី១ អាយុ៣០ឆ្នាំ ដែលរត់ចេញមុននោះ បានរត់ចូលទៅក្នុងវត្តមួយ ហើយបានលួចម៉ូតូអ្នកស្រុកជិះគេចខ្លួនបាត់ស្រមោល ។ ប៉ូលិសបានបញ្ជាក់ថា អ្នកទោសដែលរត់គេចខ្លួននេះ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ចំនួនជាង២ពាន់គ្រាប់ កាលពីថ្ងៃទី១២ ធ្នូ ២០១៧ ត្រូវតុលាការប្រភេទទី១ កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ។

រហូតមកដល់ថ្ងៃទី ១២ មិនា ២០១៨នេះ ប៉ូលិសបានបើកការស៊ើបអង្កេត តាមចាប់ខ្លួនជនជាប់ចោទ ខាងល់នេះ ខណៈពេលដែលបានឃើញអ្នកទោសរូបនោះ បើករថយន្តពណ៌ក្រហម ហើយព្យាយាមបើកគេចចេញពីក្រុមប៉ូលិស ឆ្ពោះទៅកាន់ទីរួមខេត្តណាន ។

ពេលដែលប៉ូលិស តាមទាន់ឡានរបស់អ្នកទោសខាងលើ បានប្រកាសឲ្យរូបគេឈប់ដែរ តែគេមិនព្រមឈប់ឡើយ ព្យាយាមបើកគេចរហូត ធ្វើឲ្យប៉ូលិសបង្ខំចិត្ត បាញ់ប្រហារជីវិត ជនជាប់ចោទរូបនោះ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្តតែម្តង។

ក្រោយពីចូលទៅឆែកឆេរក្នុងរថយន្ត ប៉ូលិសបានប្រទះឃើញកាំភ្លើង១ដើម នៅក្នុងរថយន្តរបស់អ្នកទោសខាងលើ ហើយប៉ូលិសបាននាំសាកសព ទៅពិនិត្យបន្ថែមនៅក្នុងមន្ទីរពេទ្យ មុនពេលបញ្ជូនសពទៅប្រគល់ឲ្យគ្រួសារ និងបានធ្វើសេចក្តីថ្លែងការណ៍ ពីករណីបាញ់សម្លាប់ជនល្មើសខាងលើ យ៉ាងច្បាស់លាស់ផងដែរ ៕