ភ្នំពេញ៖ ក្រោយពេលមានព័ត៌មាន ដែលទាក់ទងនឹងពិធីមង្គលការរបស់ ឯកឧត្ដម ប៉ែន វិបុល អតីត ព្រះមហាធម្មជោតិកៈ ដែលតែងតែចុះផ្សព្វផ្សាយព្រហ្មវិហារធម៌ តាមគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស រួចមកគេឃើញមានមតិរិះគន់មួយចំនួន ដែលភាគច្រើនលើកឡើងថា ឯកឧត្ដម ប៉ែន វិបុល បួសសន្សំលុយដណ្ដឹងប្រពន្ធ ដែលការលើកឡើងនេះ បានធ្វើឱ្យមហាជន រួមទាំងឯកឧត្ដមផ្ទាល់ផងដែរ មានការមិនពេញចិត្ត ។

ទាក់ទងជាមួយគ្នានេះ ថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំបានទទួលព័ត៌មានច្បាស់ការមួយ អំពីរជីវប្រវត្តិរបស់លោកជំទាវ ស៊ូ វីឡាលីម ដែលជាឧត្ដមភរិយារបស់ ឯកឧត្ដម ប៉ែន វិបុល ដែលចង់បញ្ជាក់ឱ្យឃើញថា តាមពិតគ្រួសាររបស់លោកជំទាវ ពុំចាំបាច់ត្រូវការទ្រព្យអ្វីពីឯកឧត្ដម ប៉ែន វិបុល ឡើយ ព្រោះគ្រួសាររបស់លោកជំទាវ ជាគ្រួសារវណ្ណៈអភិជនស្រាប់ទៅហើយ ។

លោកជំទាវ ស៊ូ វីឡាលីម មានឪពុកជានាយទាហានជាន់ខ្ពស់ និងម្តាយជាថៅកែសណ្ឋាគារមួយកន្លែង នៅផ្សារកណ្តាល រាជធានីភ្នំពេញ ឈ្មោះសណ្ឋាគារ ឃ្វីនវូដ ដូចនេះហើយ គ្មានហេតុផលណាដែលសមនឹងពាក្យរិះគន់មួយចំនួនខាងលើនេះឡើយ ។

ឆ្លៀតក្នុងឱកាសនេះដែរ KBN ក៏សូមបង្ហាញពីជីប្រវត្តិសង្ខេបរបស់ ឯកឧត្ដម ប៉ែន វិបុល ផងដែរ ដែលមានភាគតិចណាស់ដែលស្គាល់ពីឯកឧត្ដមច្បាស់ ៖

ឯកឧត្តម ប៉ែន វិបុល មានតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា ដែលក្មេងជាងគេ ។ កាលបានទទួលតួនាទីនេះក៏ព្រោះតែ ឯកឧត្តម បានប្រឹងប្រែងដើម្បីសង្គមជាតិ និងសាសនា ច្រើនណាស់ហើយ ។

ឯកឧត្តម ប៉ែន វិបុល កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥ នៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ឪពុកនាម ពុំ ប៉ែន ម្តាយនាម មឹស វ៉ន ជា ឧបាសក ឧបាសិកា និងជាកសិករ មានបងប្អូនបង្កើតចំនួន៤នាក់។

-កាលនៅអាយុ ៩ឆ្នាំ ឪពុកម្តាយ បាននាំទៅចូលរៀននៅសាលាបឋមសិក្សាមេលប់ រហូតដល់អាយុ ១៤ឆ្នាំ បានបញ្ចប់
បឋមសិក្សាហើយបានបន្តទៅសិក្សាថ្នាក់ទី៧ នៃ វិទ្យាល័យ ញឹម វណ្ណដា ពារាំង ខេត្តព្រៃវែង។
-នៅថ្ងៃសៅរ៍ ១៥កើត ខែ៦ ឆ្នាំថោះ ឯកស័ក ក្នុងគិម្ហរដូវ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ បាកចូលសាងផ្នួសជាសាមណេរ ក្នុង —ព្រះពុទ្ធសាសនានៅព័ទ្ធសីមា វត្តមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
-ឆ្នាំ២០០០ បានទៅសិក្សានៅពុទ្ធិកបឋមសិក្សាឆ្នាំទី១ នៅវត្តសិរីបន្ទាយដែក ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
-ឆ្នាំ២០០១ បានបន្តទៅសិក្សានៅពុទ្ធិបឋមសិក្សាឆ្នាំទី២ នៅវត្តកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
-ឆ្នាំ២០០២ បានបន្តទៅសិក្សានៅពុទ្ធិបឋមសិក្សាឆ្នាំទី៣នៅវត្តមុនីសាគរឃុំក្បាលកោះស្រុកកៀនស្វាយខេត្តកណ្តាល។
-ថ្ងៃសុក្រ ៤កើត ខែ៤ ឆ្នាំរកា សត្តស័ក ក្នុងហេមន្តរដូវ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៦ បាកបំពេញឧបសម្បទាជាភិក្ខុភាវៈនៅពទ្ធសីមា
ពុទ្ធមណ្ឌលកម្ពុជា ឃុំផ្សារដែក ស្រុកពញ៉ាឮ ខេត្តកណ្តាល។
-ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ បានស្នាក់នៅវត្តសំសមី សង្កាត់កំពង់លាវ ខណ្ឌកំពង់លាវ ក្រុងព្រៃវែង។
-ឆ្នាំ២០០៨ ដល់បច្ចុប្បន្ននេះ បានស្នាក់នៅវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-ចំណេះវិជ្ជា និងកិច្ចការដែលព្រះលិខិតបញ្ញា បានបំពេញក្នុងព្រះពុទ្ធសាសនា
-ឆ្នាំ២០០០-២០០១-២០០២ បានប្រឡងជាប់ធម្មវិន័យថ្នាក់ត្រី ទោ ឯក។
-ឆ្នាំ២០០៦ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងបាន ចូលរៀនពុទ្ធិកវិទ្យាល័យ ខេត្តព្រៃវែង។
-ឆ្នាំ២០០៩ បានចូលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកទេសបាលី-សំស្រ្តឹត។
-ឆ្នាំ២០០៩ បានទទួលវិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលអ្នកនិពន្ធជំនាន់ទី២៤ ពីសមាគមអ្នកនិពន្ធខ្មែរ។
-ឆ្នាំ២០០៩ បានទទួលវិញ្ញាបនបត្រភាសាអង់គ្លេស មធ្យមសិក្សាបឋមភូមិ (DIPLOMA)ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
-ឆ្នាំ២០១០ បានទទួលវិញ្ញាបនបត្រជំនាញ Adobe After Effect ពីមជ្ឈមណ្ឌល ស៊ី ហ្គេក។
-ឆ្នាំ២០១៣ បានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ឯកទេស រដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិង
វិទ្យាសាស្រ្តសេដ្ឋកិច្ច។
-ខែវិច្ឆិកា ឆ្នាំ២០១៦ បានជោគជ័យលើការការពារសាកល្បងនិក្ខេបបទ ថ្នាក់បណ្ឌិត ស្តីពីរដ្ឋបាលសង្ឃពុទ្ធសាសនាកម្ពុជា នៅសាកល
វិទ្យាល័យខេមរៈ ហើយជាប់ជាបេក្ខជនបណ្ឌិត។
-ក្នុងនោះផងដែរ ឯកឧត្តម ប៉ែន វិបុល កាលនៅជាព្រះលិខិតបញ្ញា បានបំពេញក្នុងព្រះពុទ្ធសាសនាការសម្តែងព្រះធម្មទេសនា និងអប់រំតាម
គ្រឹះស្ថានសិក្សានានា ព្រមទាំងបានបោះពុម្ពនូវស្នាដៃជាច្រើនទៀត។
-សមណសក្តិដែលព្រះមហាបានទទួល
-ព.ស.២៥៥៤ -ឝ.ស.២០១១ បានទទួលជាប្រធានសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ
-ព.ស.២៥៥៤ -ឝ.ស.២០១១ បានទទួលតំណែងជាសមាជិកគណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ
-ព.ស.២៥៥៥ -គ.ស.២០១១ បានជាសាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សា នៃក្រសួងធម្មការនិងសាសនា
-ព.ស.២៥៥៧ -គ.ស.២០១៤ បានទទួលនាមាភិធេយ្យកិត្តិយស ជាព្រះមហាធម្មជោតិកៈ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
-ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ តែងតាំងគោរមងារជាព្រះលិខិតបញ្ញាព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា។
-ព.ស.២៥៦០-ឝ.ស.២០១៦ បានទទួលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ។
-ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ តែងតាំង ជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃ
ក្រសួងធម្មការនិងសាសនា។
-ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានផ្ទេរភារកិច្ចពីអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ឱ្យមកបម្រើការងារជាអនុប្រធាននាយកដ្ឋាន នៅនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមនៃអគ្គនាយកដ្ឋានកិច្ចការសាសនា
នៃក្រសួងធម្មការនិងសាសនា។
-នៅខែមេសា ឆ្នាំ២០១៧ បានលាចាកសិក្ខាបទ ពីភេទជាបព្វជិត។
-បន្ទាប់មកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ បានបានទទួលតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បន្ថែមលើមុខងារបច្ចុប្បន្ន។
-គ្រឿងឥស្សរិយយស
-ព.ស.២៥៥៩ គ.ស.២០១៥ មេដាយ គ្រឿងឥស្សរិយយស មុនីសារភណ្ឌ័ ថ្នាក់ធិបឌិន្ទ នៃព្រះរាជាណាចក្រកម្ពុជា។
-ព.ស.២៥៥៩ គ.ស.២០១៦ មេដាយ គ្រឿងឥស្សរិយយស មុនីសារភណ្ឌ័ ថ្នាក់មហាសេនា នៃព្រះរាជាណាចក្រកម្ពុជា ៕