ជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើង AK ២ដើម ចូលទៅរុញទ្វារតូបលក់ប្រេង នៅ​តាមចិញ្ចើមផ្លូវ ដើម្បីប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ផ្ទុះអាវុធ២គ្រាប់ ត្រូវអាវុធហត្ថ​ខណ្ឌព្រែកព្នៅ បាញ់រងរបួសជនសង្ស័យម្នាក់ បាក់ជើងខាងឆ្វេង និងបក្សពួកជនសង្ស័យ ៤​នាក់ទៀតរត់គេចខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ នៅចំណុចតូបលក់ប្រេង ជាប់ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍សង្កាត់ គោគរការ ខណ្ឌព្រែកព្នៅ ​។

ជនរងគ្រោះមានឈ្មោះ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ប្រេង និងចាំដីឡូត៍កន្លែងកើតហេតុ បុរសជាប្តីគ្រាន់តែដឹងថា ជាអាវុធហត្ថលើផ្ទៃប្រទេស ។ ជនសង្ស័យមានឈ្មោះ ស៊ុន ខេន អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ របួសបាក់ជើងខាងឆ្វេង ។

តាមប្រភពព័ត៌មាន ពីស្រ្តី​រងគ្រោះ បានអោយដឹងថា គាត់និងប្តីជាមន្រ្តីអាវុធហត្ថ លើផ្ទៃ​ប្រទេសជាអ្នកចាំដីឡូត៍ឲ្យគេ និងប្រកបមុខរបរលក់ប្រេង នៅតាមចិញ្ចើមផ្លូវមុខដីឡូត៍ដែល សុទ្ធតែព្រៃ ហើយគាត់ស្នាក់នៅ ក្នុងតូបលក់ប្រេង និងមានកម្មករស្នាក់នៅ តូបក្បែរគ្នានោះ ។ ​មុនពេលកើតហេតុ រូបគាត់និងប្តីបានចូលសំរាក ក្នុងតូបបានបន្តិច ស្រាប់តែមាន​ជនសង្ស័យមួយក្រុមមានគ្នា៥នាក់​ បានមកធាក់ទ្វារ ស្រែកពីខាងក្រៅឲ្យបើកទ្វារ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ពេលដែលឮសម្លេងបែបនេះ គាត់បាន​ស្រែកប្រាប់ប្តីថា “បងនេះកាំភ្លើងបង​ឯង គ្រាន់តែឮគាត់ស្រែកថាកាំភ្លើង ជនសង្ស័យ​បានបាញ់ ពីខាងក្រៅចំនួន២គ្រាប់ តែបាញ់អត់ផ្ទុះ(គ្រាប់ស្អុយ) ចំណែកជនសង្ស័យផ្សេងទៀត បានវាយកម្មកររបស់គាត់ ​ដែលសំរាកនៅជិតតូបគាត់ រងរបួសស្រាល ។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ ប្តីរបស់គាត់ បានទាក់ទងទៅអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងតែល្បាត ក្នុងមូលដ្ឋានមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ គ្រាន់តែអាវុធហត្ថខណ្ឌមកដល់ ជន​សង្ស័យបានបាញ់សំដៅ ទៅលើអាវុធហត្ថ តែបាញ់អត់​ត្រូវ ទើបខាងអាវុធហត្ថ បាញ់ការពារខ្លួនវិញ ធ្វើឲ្យ​ត្រូវចំជើង ជនសង្ស័យ​ខាងឆ្វេង បាក់ដួល​នៅនឹងកន្លែងកើតហេតុ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ១.៧៩ ចំណែកបក្សពួកជនសង្ស័យ ចំនួន៤នាក់ទៀត បានរត់ចូលទៅក្នុងដីឡូត៍ដែលមានសុទ្ធតែព្រៃ គេចខ្លួនបាត់ ។

បើតាមសម្តីជនសង្ស័យ បានសារភាពថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ បានផឹកស៊ីនៅម្ដុំទួលពង្រ បន្ទាប់មកបាននាំគ្នា ទៅធ្វើសកម្មភាពនៅចំណុច កើតហេតុខាងលើ ដោយ​ឈ្មោះ អាខ្មៅ ជាអ្នកយកកាំភ្លើងច្រកបាវ ឲ្យរូបគេ​ជិះម៉ូតូ2គ្រឿង ម៉ាកហុងដាឌ្រីមស៊េរី២០១០ និងងសេរ៊ី២០១២ ទៅធ្វើសកម្មភាពប្លន់ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងអាវុធរាជធានីភ្នំពេញច្រូងច្រាង បានដឹកនាំកម្លាំងចុះទៅរុករកក្រុមជនសង្ស័យ ដែលរត់ចូលព្រៃក្នុងដីឡូត៍ តែរកមិនឃើញ ដោយជនសង្ស័យ ដែលរត់គេច​នោះមាន​កាំភ្លើងAK47 ១ដើមនៅក្នុងដៃ ទៅជាមួយផង ។

ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីប្លន់យក ទ្រព្យ​សម្បត្តិនៅឡើយទេ ព្រោះជនសង្ស័យ មិនទាន់បានប្លន់យករបស់របរ អ្វីនៅឡើយទេ ហើយ ជនរងគ្រោះមិនមានរងរបួសទេ បុរសជាប្តីត្រូវបានសមត្ថកិច្ច នាំទៅសាកសួរ បានប្រាប់ថា ជនសង្ស័យគឺអាវុធហត្ថ ខណ្ឌព្រែកព្នៅជាអ្នកបាញ់ឲ្យរងរបួស ។ សមត្ថកិច្ចសង្ស័យថាជា​​រឿងគំនុំ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្តទៀត ៕