កាលពីពេលថ្មីៗនេះ ក្រុមជួយសង្គ្រោះស្ម័គ្រចិត្ត ខេត្តក្រាប៊ី បានចូលទៅជួយសង្គ្រោះផ្ទះ អ្នកភូមិ១គ្រួសារ ដែលស្ថិតនៅក្នុងក្រុមទី៤ ស្រុកអាវឡឹក ខេត្តក្រាប៊ី ក្រោយពីទទួលបានការរាយការណ៍មកថា មានពស់វែករនាម បានវារចូលក្នុងផ្ទះរបស់ពួកគាត់ ។

ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍ចាប់ពស់ ដែលវារចូលផ្ទះអ្នកភូមិនោះ បានសម្រេចជោគជ័យ ដោយពស់នោះមានប្រវែង៥ម៉ែត្រ ទម្ងន់ប្រហែល១៥គីឡូក្រាម ។ បន្ទាប់ពីចាប់ពស់នោះបាន ម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថា កាលពី១សប្តាហ៍កន្លងទៅ ពួកគាត់ឃើញ ពស់វែករនាម ជាច្រើនក្បាលវារចូលក្នុងផ្ទះ របស់អ្នកភូមិដែលរស់នៅក្នុងស្រុក អាវឡឹក យ៉ាងហោចណាស់ក៏១០ក្បាលដែរ ហើយពស់ដែលចាប់បានខាងលើនេះ គឺជាពស់ដែលធំជាងគេ ។

ក្រុមជួយសង្គ្រោះ បានប្រាប់ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រសិនបើប្រទះឃើញពស់ ត្រូវទូរស័ព្ទទៅប្រាប់ក្រុមសង្គ្រោះភ្លាមៗ ដោយសារតែពស់ទាំងនោះ មានពិសកាចសាហាវណាស់ ៕