កាលពីពេលថ្មីៗនេះ ក្រុមអ្នកកាសែតប្រទេសថៃ បានចុះផ្សាយពីរឿងអបិយជំនឿមួយ ដែលស្ត្រីម្នាក់ ឈ្មោះ Kutthida ដែលជាមន្ត្រីរាជការរបស់ក្រសួងមួយ នៅក្នុងខេត្តសុងខ្លា ដែលបានបង្ហោះរូបភាព ដែលគាត់ថតជាប់វត្ថុចម្លែកមួយ នៅពេលដែលគាត់ទៅកំសាន្ត ក្នុងឧទ្យានជាតិមួយកន្លែង ឈ្មោះ Phu Hin Rong Kla នៅក្នុងខេត្ត Phitsanuluk កាលពីពេលថ្មីៗកន្លងមកនេះ។

រូបភាពនោះ ជារូបភាពដែលនាងថតជាមួយ និងមិត្តភក្តិ៣នាក់ទៀត ដែលកំពុងលេងកំសាន្តយ៉ាងសប្បាយ ជាមួយនិងការថតរូបនៅបរិវេណផ្ទាំងថ្ម លើឧទ្យានខាងលើ តែពេលយករូបភាពមកមើល ស្រាប់តែជាប់ក្បាលមនុស្សអ្វីចម្លែក បានផុសចេញមកបន្ថែម ពីមុខក្បាលរបស់គាត់១ទៀត ដោយផ្ទះមុខចម្លែកនោះ ដូចជាមនុស្សចាស់ម្នាក់ មានពុកមាត់ មានវែនតាខ្មៅ សក់វែង ធ្វើឲ្យរូបគាត់ជាម្ចាស់រូបផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ម្ចាស់រូបថតខាងលើ បានប្រាប់ឲ្យដឹងថា នាងបានចេញពីក្រុងបាងកក នៅថ្ងៃទី១៤ កុម្ភៈ ២០១៨ ដើម្បីទៅដើរលេងកំសាន្តលំហែកាយ ជាមួយមិត្តភក្តិ៦នាក់ផ្សេងទៀត ។ នាងបានបន្តរៀបរាប់ថា ចំណុចដែលនាងថតរូបនោះ គឺនៅលើផ្ទាំងថ្ម ការធ្វើដំណើរគឺមាន៧នាក់ រួមដំណើរដោយក្រុមមគ្គុទេស៍ទេសចរណ៍ផងដែរ ដោយរូបនាងបានប្រើកាម៉េរ៉ា iPhone 7 Plus ដើម្បីថតរូបភាពរបស់ខ្លួននាង។

ក្រោយពីថតរូបភាពហើយ ស្រាប់តែជាប់រូបភាពចម្លែក ខុសពីធម្មតា តែគាត់មិនបានចាប់អារម្មណ៍នោះឡើយ ណាមួយពេលដែលពួកគាត់ឡើងលើផ្ទាំងថ្ម ក្នុងឧទ្យាននោះ ដើម្បីមើលព្រះអាទិត្យរៀបលិចនោះ ពួកគាត់ទាំងអស់គ្នាបានលើកដៃសំពះសុំ ម្ចាស់ទឹកម្ចាស់ដីរួចរាល់ហើយ តែក្រោយពីមិត្តភក្តិបានសុំរូបភាពនោះ ដើម្បីពិនិត្យមើល ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបភាពនោះ បានធ្វើឲ្យពួកគាត់ព្រឺសម្បុរមិនតិចឡើយ មិនដឹងថាជារូបភាពញ័រដៃខណៈពេលថត ឬជាខ្មោចម្ចាស់ទឹកម្ចាស់ដីនោះឡើយ ។

តែទោះយ៉ាងណា គ្រូបង្រៀនថតរូប នៅខេត្ត Yala ម្នាក់បានបង្ហើបឲ្យដឹងថា រូបភាពខាងលើនេះ គេអាចថតបានជាច្រើនបែប ឬអាចជាការកាត់តដោយកុំព្យូទ័រ ឬជាការថតរូបបែង មកពីអ្នកដទៃក៏ថាបាន ៕