បរទេស៖ ក្រុមគ្រួសាររបស់វេជ្ជបណ្ឌិត ផ្នែកវះកាត់សរសៃប្រសាទម្នាក់ បានទៅចូលស្ដីដណ្ដឹងនារីវ័យក្មេងម្នាក់ យកមកឲ្យធ្វើជាប្រពន្ធរបស់គាត់​ ទាំងកូនក្រមុំ និងកូនកំលោះ មិនស្គាល់មុខគ្នា ហើយកំណត់ពិធីរៀបមង្គការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ លុះពេលរៀបការចប់ ស្រាប់​តែកូនក្រមុំបដិសេធ​ ធ្វើឲ្យកូនកំលោះខឹងចិត្ត ក៏ទៅស្ដីដណ្ដឹងកូនក្រមុំអ្នកលក់បន្លែម្នាក់ រៀបការបញ្ឈឺចិត្ត នៅក្នុងថ្ងៃដដែលនោះ។

ប្រភពព័ត៌មានពីសារព័ត៌មាន របស់ឥណ្ឌាមួយ បានឲ្យដឹងថា កាលពីជាងមួយឆ្នាំមុននេះ ក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ផ្នែកវះកាត់សរសៃប្រសាទម្នាក់ ឈ្មោះ Ravi Kumar បានទៅចូលស្ដីដណ្ដឹងកូនក្រមុំគេម្នាក់ រស់នៅភូមិ Sugauli រដ្ឋ Bihar ប្រទេសឥណ្ឌា ដើម្បី​យកមកធ្វើជាប្រពន្ធរបស់លោក។ គ្រួសារ​ទាំងខាងកូនកំលោះ និងកូនក្រមុំ បានកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជាថ្ងៃមង្គលការរបស់ពួកគេ។ លុះថ្ងៃអាពាហ៍ពិពាហ៍ចូល​មកដល់ ពិធីមង្គលការកូនកំលោះក្រមុំខាងលើនេះ បានដំណើរការតាមប្រពៃណីរបស់ឥណ្ឌ រហូតដល់ទីបញ្ចប់។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីបញ្ចប់ នូវពិធីអាពាហ៍ពិពាហ៍ហើយ លោកវេជ្ជបណ្ឌិត Ravi Kumar បានដឹកដៃកូនក្រមុំចូលទៅ ក្នុងបន្ទប់រួមដំណេក ហើយគាត់បានដោះឆ្នូតក្បាល និងសម្លៀកបំពាក់ចេញ ធ្វើឲ្យកូនក្រមុំក្រឡេកឃើញ ក្បាលរបស់លោកតម្ពែក និង​ពោះកំពើងកំប៉ោង ក៏កើតនូវការអាក់អន់ចិត្ត ហើយបានបដិសេធទទួលយក រូបគាត់ធ្វើជាប្ដី។ ឃើញបែបនេះ ក្រុមគ្រួសាររបស់កូន​កំលោះ បាននិយាយទៅកាន់ភាគីខាងកូនក្រមុំវិញថា ហេតុអ្វីបានជាមកធ្វើឫកពារបែបនេះទៅវិញ? ពីព្រោះយើងបានព្រមព្រៀងនឹងគ្នា ​អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ការធ្វើបែបនេះ គឺវាប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសខាងកូនកំលោះ។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Ravi Kumar មិនបានចាប់បង្ខំភាគីកូនក្រមុំ ឲ្យគោរពតាមការសន្យារបស់ខ្លួននោះទេ ហើយករណីនេះ ក៏លោកមិនបានស្គាល់ និងមានទំនាក់ទំនងជាមួយនឹងកូនក្រមុំ មុនពេលថ្ងៃអាពាហ៍ពិពាហ៍ ចូលមកដល់ដែរ។ បន្ទាប់មក លោកវេជ្ជបណ្ឌិត បានចាកចេញពីផ្ទះកូនស្រី នៅក្នុងរដ្ឋប៊ីហារ ហើយ​វិលត្រឡប់ទៅផ្ទះរបស់ខ្លួន នៅក្នុងទីក្រុងញូវដេលី វិញ។ ប៉ុន្តែដោយសារមានក្ដីអាម៉ាស​ផងនោះ ក្រុមគ្រួសាររបស់លោក បានស្នើសុំទៅអាជ្ញាធរ Panchayat ក្នុងតំបន់ ហើយពួកគេបានស្ដីដណ្ដឹង កូនក្រមុំអ្នកលក់បន្លែដីក្រីក្រ​ម្នាក់ ឈ្មោះ Neha និងបានរៀបការ នៅក្នុងប្រាសាទ Ramjanki នាថ្ងៃដដែលនោះ៕