ភ្នំពេញ ៖ លូមេដែលស្ថិតនៅតាមផ្លូវ២០០៤ ក្បែរភ្លើងស្តុបកែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ត្រូវបានរបើកផុងគម្រប ២ថ្ងៃមកហើយ មិនទាន់ឃើញខាងមន្ទីរសាធារណការរាជធានីភ្នំពេញ មកមើលហើយចាត់វិធានការ កែសម្រួលឡើងវិញដែរ បង្កឲ្យមានការព្រួយបារម្មណ៍ ពីសុវត្ថិភាព ងាយប្រឈមនឹងគ្រោះថ្នាក់ ម្យ៉ាងវិញទៀតនោះ កំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ដោយសារយានយន្ត ជិះបើកវៀង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា គម្របលូមេខាងលើ ស្ថិតនៅចំណុចខាងលើ ក្រោយពីជួបបញ្ហាបច្ចេកទេស បែកមាត់ផុងគម្រប អស់រយៈពេល២ថ្ងៃមកហើយ ដោយសាររថយន្តបើកជាន់ បានត្រឹមរាយការណ៍ទៅអាជ្ញាធរ ហើយខាងអាជ្ញាធរមូលដ្ឋានទៀតសោត បានត្រឹមរាយការណ៍បន្ត ទៅមន្ទីរសាធារណការក្រុងបន្តទៀត ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍កែសម្រួល តែរហូតមកដល់ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមិនទាន់ឃើញ អង្គភាពខាងណាចាត់វិធានការនៅឡើយ ដែលបង្កឲ្យព្រួយបារម្មណ៍ ពីសុវត្ថិភាព នៅពេលថ្ងៃ យើងអាចមើលឃើញ ជិះគេច ជិះវៀងបាន ចុះប្រសិនបើពេលយប់ ងងឹត ពិសេសអ្នកបើកបរម៉ូតូ ងាយនឹងប្រឈមគោះថ្នាក់ ដោយសារមាត់លូចំហរ ។

តាមសមត្ថកិច្ចប្រចាំគោលដៅ ភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី បានឲ្យដឹងថា ក្រោយពីមាត់លូ មានបញ្ហាគម្របមក កុំថាឡើយពលរដ្ឋព្រួយបារម្មណ៍ សូម្បីតែសមត្ថកិច្ច ក៏ព្រួយ គិតនឹកដល់ការប្រឈមគ្រោះថ្នាក់ដែរ ។

ទន្ទឹមនឹងបញ្ហាខាងលើពលរដ្ឋ សំណូមពរផងដែរ ដល់អង្គភាពពាក់ព័ន្ធមេត្តាជួយ ចាត់វិធានការកែសម្រួល គម្របលូជៀសវាងឧប្បត្តិហេតុ កើតមានឡើង ហើយទើបមានវិធានការជាក្រោយ សុខចិត្តការពារបានមុនប្រសើរជាង ៕