ភ្នំពេញ ៖ យុវជនម្នាក់ ជាប់ចោទសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ក៏ត្រូវម្ចាស់ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទប់ជួល ក្រុមទី២ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ហួន ហ៊ន ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅខាងក្រោយផ្សារ កាណាសុធី ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបារ៉ូង ឃុំ បារ៉ូង ស្រុកគិរីវង់ ខេត្តតាកែវ ។

ចំណែកម្ចាស់បន្ទប់ ឈ្មោះ សោ ណាម ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ EVC ស្នាក់នៅ ខាងផ្សារកាណាសុីធី មានស្រុក កំណើត ខេត្តកំពង់ចាម ។ ដោយឡែក សាក្សីឃើញហេតុការ ឈ្មោះ ហឿន ស្រីលាង ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជាប់គ្នានឹងបន្ទប់កើតហេតុ មានស្រុកកំណើត ភូមិ ព្រែកយាយហុិន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមសាក្សី៖ញហេតុការណ៍ ស្រ្តីខាងលើបានឱ្យដឹងថា ខណៈដែលម្ចាស់បន្ទប់ស្នាក់នីខាងលើ ២នាក់បានចាកចេញទៅធ្វើការបាត់ គាត់នៅក្រោយគេ ដើរចេញមកឃើញបន្ទប់ជនរងគ្រោះមិនមានចាក់សោ រុញទ្វារអើតមើល ស្រាប់តែឃើញជនសង្ស័យកំពុងដេកលក់ សួរអ្នកនៅក្បែរមិនមានអ្នកស្គាល់ សង្ស័យប៉ុនប៉ងចូលលួច តែងងុយដេកពេក ក៏លង់លក់ជ្រុល ឃើញសភាពមិនស្រួល ខ្ទប់ទ្វារខ្ទាស់សោពីក្រៅ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ចាក់សោបន្ទប់ត្រឹមត្រូវ ហើយទៅធ្វើការបាត់ លុះនៅវេលាម៉ោងខាងលើមិត្តភក្ដិទូរស័ព្ទប្រាប់ថា មានជនសង្ស័យលបលួចចួលបន្ទប់ ទើបវិលមកវិញ នាំគ្នាប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

តែបើតាមសម្តីជនសង្ស័យវិញបានឱ្យដឹងថា ខ្លួនបានផឹកស្រាបៀគ្នា ២នាក់ អស់ ៦កំប៉ុង ៣កំប៉ុងម្នាក់ កាលពីយប់លុះដល់ព្រឹកឡើងងងុយដេកពេក ថាចូលទៅដេកបន្ទប់មិត្តភក្ដិ បែជាខុសបន្ទប់ទៅវិញ ។

តែទោះជាជនសង្ស័យដោះសារបែបណាក្តី នៅម្តុំបន្ទប់ជួលខាងលើ ពុំមានអ្នកស្គាល់ឡើយ ហើយជនរងគ្រោះប្តឹងចោទប្រកាន់ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕