ខេត្តកំពត៖ សិស្សានុសិស្ស នៃវិទ្យាល័យ ​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​ដងទង់ កំពុងអង្គុយរៀនសុខៗ ស្រាប់តែដួលសន្លប់ស្ដឹងជាបន្តបន្ទាប់ចំនួន១៤នាក់ បង្កឲ្យភ្ញាក់ផ្អើល និងដឹកបញ្ជូនទៅសង្គ្រោះ នៅព្រឹក ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ ឆ្នាំ២០១៨នេះ

លោក​វរសេនីយទោ ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់​ បានឲ្យដឹងថា នៅក្នុង​វិទ្យាល័យ ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​ដងទង់​នេះ ពិតជាមានសិស្សសាលា ដួល​សន្លប់​បន្តបន្ទាប់​មែន ហើយលោកគ្រូ​អ្នកគ្រូ​បាន​ក៏ទាក់ទង​ទៅរថយន្ត​សង្គ្រោះបន្ទាន់ឲ្យមកដឹកសិស្សទាំងនោះ បញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ រីឯសិស្សរងគ្រោះខ្លះទៀត ត្រូវគេ​ដឹក​តាម​ម៉ូតូ​ បញ្ជូនទៅ​កាន់​មណ្ឌល​សុខភាព​ និងសិស្ស​ខ្លះទៀត ​ក៏​ត្រូវ​អាណាព្យាបាល ​មក​ទទួលនាំ​ទៅ​ដាក់​សេរ៉ូម​ នៅតាមផ្ទះ​ ហើយរហូតមកដល់ពេលនេះ ពួកគេក៏​បានជា​សះស្បើយ​ឡើងវិញ​ខ្លះៗហើយ។


លោក​អធិការ​នគរបាល​ស្រុក​ដងទង់​ បាន​បន្តថា ចាប់តាំងពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ គឺរយៈពេល​ពីរ​ថ្ងៃនេះ មានសិស្ស​សន្លប់ និង​វិល​មុខ​សរុប​ចំនួន​១៤​នាក់។ ក្នុង​ចំណោមសិស្សទាំង​១៤​នាក់នោះ គឺនៅ​រសៀល​ថ្ងៃ​ទី​២១​នេះ​ ក្រោយ​ពី​គ្រូពេទ្យ នៃ​មណ្ឌល​សុខភាព បាន​ដាក់​សេរ៉ូមឲ្យ​រួច គឺពួកគេ​បាន​ធូរស្រាល​ចំនួន​១០​នាក់ ហើយ​ត្រូវ​បាន​អា​ព្យាបាល​នាំ​ទៅ​ផ្ទះ​វិញ គឺនៅ​សល់តែសិស្សចំនួន​៤​នាក់​ទៀត ត្រូវ​ក្រុម​គ្រូពេទ្យ​កំពុង​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក។

លោកអធិការនគរបាលស្រុកដងទង់ បានបន្តថា ជុំវិញករណីសិស្សដួលសន្លប់នោះ គឺនៅពេលនេះ ទាំងសមត្ថកិច្ចជំនាញ ​ក្រុម​គ្រូពេទ្យ ​រួម នឹង​អាជ្ញាធរ​ស្រុក​ ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ នា​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈនេះហើយ។ ភ្លាមៗនោះ មន្ត្រីជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការដួលសន្លប់នោះនៅឡើយ។ ប៉ុុន្តែ បើតាមក្រុម​គ្រូពេទ្យ​ដែល​បានពិនិត្យ​ឈាមរបស់​អ្នកជំងឺ​ ក៏បានបញ្ជាក់ថា អ្នកជំងឺ​ភាគច្រើន(សិស្ស) គឺខ្វះ​ជាតិ​ស្ករ។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់នោះ មានជំនឿទៅលើអរូបី បានឲ្យដឹងថា ករណីដែលសិស្សកំពុងរៀនសុខៗ បែរជា​ដួលសន្លប់បែបនេះ គឺអាចបណ្ដាលមកពី​ខ្មោច ​ព្រាយ ​បិសាច និង​អា​រុក្ខ​អារក្ខ ​អ្នកតា ខឹងសម្បាពីរឿងអ្វីមួយ ទើបអស់លោកទាំងនោះ​ធ្វើឲ្យសិស្សសន្លប់បែបនេះ។

ដោយសារតែជំនឿលើអរូបីបែបនេះ ទើបនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈនេះ ពួកគាត់បាននាំគ្នាធ្វើពិធីសែនព្រេន ដោយ​សែន​ក្បាល​ជ្រូក ​និងមាន់​ស្ងោរ​ទៀតផង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាជំនឿអរូបីរបស់ប្រជាពលរដ្ឋមួយចំនួនតែប៉ុណ្ណោះ៕